កម្ពុជាអាចចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដល់កេនយ៉ា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​មកពី​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ (TTRI) ដែលជា​ស្ថាប័ន​អប់រំ​ចំណុះ​ក្រោម​ក្រសួងពាណិជ្ជកម្ម បានធ្វើការ​ចែករំលែក​បទពិសោធន៍​ស្តីពី​ភាពជោគជ័យ​របស់​កម្ពុ​ជា​លើ​ការប្រើប្រាស់​វិស័យ​ពាណិជ្ជកម្ម ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ដល់​ប្រតិភូ​មកពី​មហាវិទ្យាល័យ​ការពារជាតិ​កេ​ន​យ៉ា ដែលជា​ប្រទេស​ធំ​មួយ​នៅក្នុង​ទ្វីបអាហ្វ្រិក។

នៅក្នុង​កិច្ចប្រជុំ ដែល​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក សួន វិជ្ជា ប្រធាន TTRI បាន​ជម្រាបជូន​ប្រតិភូ​ប្រទេស​កេ​ន​យ៉ា ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ A.K Ikenye អំពី​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ព្រមទាំង​កិច្ចប្រឹងប្រែង​របស់​ក្រសួង ក្នុងការ​លើកកម្ពស់​ប​រិ​យា​កាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

មន្ត្រីជាន់ខ្ពស់​ទាំងពីរ​រូប បាន​បន្ត​ជម្រាបជូន​ប្រតិភូ​កេ​ន​យ៉ា អំពី​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា, កាលានុវត្តភាព​ធុរកិច្ច, គោ​លន​យោ​យ​វិនិយោគ និង​គោលការណ៍​លើកទឹកចិត្តផ្សេងៗ ផ្តល់ជូន​ដោយ​រាជរដ្ឋាភិបាល, តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង Plus One, ស្ថិរភាព​រូបិយ​បណ្ណ​ជាតិ ព្រមទាំង​ភាពអនុគ្រោះ​ពន្ធ (EBA និង​MFN/GSP) លើ​នាំ​ការចូល​ទំនិញ ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​ជា​ដៃគូ​ចំនួន ៣២ នៅក្នុង​ពិភពលោក។

បន្ថែម​លើ​នោះ មន្ត្រីជាន់ខ្ពស់​កម្ពុជា​ទាំងពីរ ក៏បាន​ស្នើ​ប្រតិភូ​កេ​ន​យ៉ា ជួយ​កៀងគរ​ធុរជន​ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​វិស័យសំខាន់ៗមានដូចជា៖ កសិកម្ម និង​ក​សិ-ឧស្សាហកម្ម, ឧស្សាហកម្ម​កែច្នៃ​ផលិតផល​ម្ហូបអាហារ, ទេសចរណ៍ និង​បដិសណ្ឋារកិច្ច, ការដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក, បច្ចេក​ព័ត៌មានវិទ្យា, រ៉ែ និង​ថាមពល, ការអប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាដើម។

ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍ A.K Ikenye និង​ប្រតិភូ បាន​ចែករំលែក​ព័ត៌មានសំខាន់ៗស្តីពី​បទពិសោធន៍​រប​ស់​ខ្លួន​លើ​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ ប្រតិភូ​កេ​ន​យ៉ា បានបង្ហាញ​ជំនឿ​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​លើក​នេះ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​ស្អិតរ​មួ​ត​ថែមទៀត៕