
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសានេះ មានប្រជាពលរដ្ឋខ្មែរចេញទៅដើរលេងកំសាន្តក្រៅប្រទេសមានរហូតដល់ចំនួន ៨៧ ៧៤៥នាក់ កើនឡើង ៦៩.៧៣ភាគរយ បើធៀបឆ្នាំ ២០១៨មានត្រឹមតែ ៥១.៦៩៥នាក់ទេ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីម្សិលមិញ។
តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ពលរដ្ឋខ្មែរចេញទៅប្រទេសវៀតណាមមានចំនួន ៧.៩១០នាក់, ប្រទេសថៃ ៦៥.១៣៧នាក់, ប្រទេសឡាវ ៤៣៨នាក់ និងចេញទៅប្រទេសទី៣ (តាមយន្តហោះ) ចំនួន១៤.២៦០នាក់។
សម្រាប់របាយការណ៍របស់ក្រសួងទេសចរណ៍ក៏បានបង្ហាញផងដែរថា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនៅទីនានាក្នុងប្រទេសជាង ៨លាននាក់ ដែលកើនឡើង៧០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅនេះ។
តួលេខភ្ញៀវជាតិ និងអន្តរជាតិ ៨លាននាក់នេះ គឺក្នុងនោះមានការធ្វើទេសចរនៅតាមគោលដៅរមណីយដ្ឋានទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្ត សំខាន់ៗចំនួនជាង ៥លាននាក់ និងប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់គោលដៅបន្ទាប់បន្សំនានាដូចជា វត្តអារាម សាលារៀន ភូមិ-ឃុំ-ស្រុក និងទីប្រជុំជននានាប្រមាណ ៣លាននាក់ផងដែរ៕