រោងចក្រកែច្នៃក្រដាសកាតុង និងផលិតសម្ភារសម្រាប់ក្មេងលេងតម្លៃ៨លានដុល្លារត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ឲ្យ​បើក​ដំណើរការ​នូវ​រោងចក្រ​កែច្នៃ​ក្រដាសកាតុង និង​រោងចក្រ​ផលិត​សម្ភារ​សម្រាប់​ក្មេង​លេង ក្រោម​ទុនវិនិយោគ​តម្លៃ៨លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​ថ្មី​ជូន​ប្រជាពលរដ្ឋ​បាន ៤២៣កន្លែង នៅ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ផ្សាយ​នៅ​ថ្ងៃទី១៩ ខែមេសា​នេះ​ថា តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ក្រដាសកាតុង (ពី​ក្រដាសចាស់ៗប្រមូល​ទិញ​ក្នុងស្រុក) និង​ផលិត​កេស​កា​តុង របស់​ក្រុមហ៊ុន «KAMFOR RECYCLE PULP AND PAPER CO.,LTD.» គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ «វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ» ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨២កន្លែង។

ជាមួយគ្នានេះ តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សម្រាប់​ក្មេង​លេង​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន «SUPERIOR INFLATABLES (CAMBODIA) CO.,LTD.» គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ «វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ» ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៤១កន្លែង៕