
ភ្នំពេញ: បន្ទាប់ពីប្រកាសបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី១៣ ខែមេសានេះ រមណីយដ្ឋានបែបធម្មជាតិបៃតងតាមដងទន្លេមេគង្គក្រោមរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបរបស់ចិន ប្រកាសពីភាពជោគជ័យរបស់ខ្លួន ខណៈបោះទុនវិនិយោគរាប់លានដុល្លារលើផ្ទើដីជាង១៤ហិកតា នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីលើកស្ទួយវិស័យទេសចរណ៍ថ្មីបែបធម្មជាតិនៅកម្ពុជា។
លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប (Prince Real Estate Group) ថ្លែងនៅក្នុងពិធីបើកដំណើរការជាផ្លូវការនៃមជ្ឍមណ្ឌលកម្សាន្តបែបធម្មជាតិក្នុងដំណាក់កាលទី១ថា មជ្ឈមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍បែបអេកូឡូស៊ី ដោយបែងចែកជាឧទ្យានធំៗចំនួន ៥ដូចជា៖ សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានកីឡា និងឧទ្យានវីរជន ក្នុងនោះក៏មានបង្ហាញផ្ទាំងសិល្បៈគំនូរលើជញ្ជាំងប្រវែង១គីឡូម៉ែត្រដែលជាគំនូរជញ្ជំងដ៏វែងជាងគេនៅតំបន់អាស៊ី។
លោកបន្តថា កន្លែងកម្សាន្ដថ្មីនេះ បន្ទាប់ពីបើកសម្ភោធជាផ្លូវការ វាបានបង្ហាញពីភាពជោគជ័យយ៉ាងខ្លាំង ព្រោះវាជាចំណែកធំមួយ ឆ្លើយតបតាមតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទៅកម្សាន្តបាននាថ្ងៃឈប់សម្រាក ជាពិសេសទេសចរជាជនជាតិចិនដែលកំពុងមានការកើនឡើងខ្ពស់នៅប្រទេសកម្ពុជា។
លោកបន្ថែមថា៖«មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ នឹងផ្តល់ជូនអតិថិជនជាពិសេសនូវបទពិសោធន៍សេវាកម្មដ៏សម្បូបែប បន្ថែមលើនេះក៏មានចំណតឧទ្ធម្ភាគចក្រ បន្ទប់ហាត់វាយកូនហោល VR ដ៏ទំនើប បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរបុរាណដ៏ពិសេស កំពង់ផែជិះទូកកម្សាន្ត និងបរិក្ខារឧទ្យានកម្សាន្តនានាជាច្រើនផ្សេងទៀត»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា ដើម្បីឆ្លើយតបតាមតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសភ្ញៀវទេសចរចិនដែលនឹងមកទស្សនានៅកម្ពុជាអាចនឹងកើនរហូតដល់២លាននាក់បន្ថែមនោះ រាជធានីភ្នំពេញ និងខេត្តសក្ដានុពលផ្សេងទៀត បាននិងកំពុងរៀបចំ អភិវឌ្ឍន៍រមណីយដ្ឋានបែបវប្បធម៌ និងធម្មជាតិបន្ថែមទៀត ដើម្បីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក។
លោកស្រីបញ្ជាក់ថា៖«យើងចង់ឃើញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ដែលមិនត្រឹមតែទស្សនាត្រឹមប្រាង្គប្រាសាទទេ គឺយើងគួររៀបចំយ៉ាងណាឲ្យមានកន្លែងកម្សាន្តថ្មីៗឲ្យច្រើនថែមទៀត ដើម្បីអាចទាញចំណូលឲ្យបានច្រើនពីវិស័យទេសចរណ៍»។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ដែលបានសម្ភោធដំណាក់កាលទី១នេះ បានបើកដំណើរការដោយជោគជ័យ ហើយដំណាក់កាលទី២ បាននិងបង្កើតឧទ្យានអេកូឡូស៊ី និងវិទ្យាសាស្ត្រកសិកម្ម ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍក្នុងវិស័យកសិកម្មប្រណិត។ ចំណែកនៅក្នុងដំណាក់កាលទី៣ គឺមានគម្រោងឧទ្យានកម្សាន្តលើទឹក រួមទាំងមានកន្ត្រកវិលកម្ពស់ ៨៨ម៉ែត្រ នឹងត្រូវបើកដំណើរការផងដែរ៕