ស្ពានមិត្តភាពកម្ពុជា-ថៃ តម្លៃជាង១៩លានដុល្លារតភ្ជាប់គ្នាជាផ្លូវការហើយ

បន្ទាយមានជ័យ: ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹង​បត់-បាន​ណង​អៀន) នៅ​ថ្ងៃទី២២មេសា​នេះ ត្រូវបាន​ត​ភ្ជាប់​គ្នា​ជា​ផ្លូវការ បន្ទាប់ពី​សាងសង់​ដោយ​កងវិស្វកម្ម​នៃ​កងទ័ព​ថៃ ក្រោម​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ៦៧០លាន​បាត (ស្មើនឹង​ប្រមាណ​ជាង១៩លាន​ដុល្លារ) ដោយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន យុទ្ធ​ភ័ណ្ណ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេង។

ការបង្ហាញ​នេះ ក្នុង​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹង​បត់-បាន​ណង​អៀន) ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី២២ ខែមេសា​នេះ ដោយ​រំពឹងថា នឹង​ជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ នៅពេលដែល​ច្រកព្រំដែន បោយ​ប៉ែត-អារញ្ញ​ប្រាថេត មានការ​ឆ្លងកាត់​ទំនិញ និង​ទេសចរ​កាន់តែ​មមាញឹក​យ៉ាងខ្លាំង។

សម្តេច ហ៊ុន សែន បាន​ថ្លែងថា ការសាងសង់​ស្ថាន​នេះ គឺជា​ការបើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី រវាង​ប្រទេស​យើង​ទាំងពីរ សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ ហើយ​ដែល​ប្រទេស​យើង​ទាំង២ បាន​ប្រសិទ្ធ​នាម​ឈ្មោះ​ស្ថាន​នេះ​ថា​ជា ស្ថាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹង​បត់- បាន​ណង​អៀន)។ ស្ថាន​នេះ ជា​ស្ពាន​ភ្ជាប់​និស្ស័យ​រវាង​ប្រជាជន​ខេត្តបន្ទាយមានជ័យ និង​ប្រជាជន​ខេត្ត​ស្រះកែវ ពិសេស​ជា​ស្ពាន​ភ្ជាប់​និស្ស័យ​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ ដែល​ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​យើង​ទាំងពីរ។

សម្តេច​បន្តថា ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹង​បត់- បាន​ណង​អៀន) ដែល​បាន​សាងសង់​នាពេលនេះ ពិតជា​បាន​ជួយ​សម្រួល ដល់​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ នៅពេលដែល​ច្រកព្រំដែន បោយ​ប៉ែត–អារញ្ញ​ប្រាថេត មានការ​ឆ្លងកាត់​ទំនិញ និង​ទេសចរ​កាន់តែ​មមាញឹក​យ៉ាងខ្លាំង។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា«ការសាងសង់​ស្ថាន​នេះ បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ និង​បានផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន ក្នុងប្រទេស​មហា​អនុតំបន់​មេគង្គ ដើម្បី​សម្រួល​ដល់​ការតភ្ជាប់​ទីក្រុង​បាងកក-ភ្នំពេញ និង​ក្រុង​ហូជីមិញ ក្នុង​គោលដៅ​ជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ និង​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន ស្របតាម​ការគិតគូរ​បស់​សហគមន៍​អាស៊ាន និង​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ ដែល​បានកំណត់​ផ្លូវ​ពី​បាងកក-បោយ​ប៉ែត- ភ្នំពេញ-ហូជីមិញ ជា​ផ្លូវ​អាស៊ាន​ហាយ​វេ​លេខ១ និង​ជា​ផ្លូវ​របៀង​សេដ្ឋកិច្ច​ខាងត្បូង ដើម្បីឱ្យ​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​មាន​ភាពងាយស្រួល។ ម្យ៉ាងវិញទៀត ស្ថាន​នេះ នឹង​ទុក​សម្រាប់តែ​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​ចេញចូល ចំណែកឯ​ច្រកព្រំដែន​បៅ​យ​ប៉ែត- អារញ្ញ​ប្រ​ថេត ទុក​សម្រាប់តែ​ភ្ញៀវទេសចរ​ឆ្លងកាត់​ប៉ុណ្ណោះ»។

លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានចាត់ទុក​ស្ពាន​ឆ្លងកាត់​ព្រំដែន​ថៃ-កម្ពុ​ជាមួយនេះ ជា​ស្ពាន​ត​ភ្ជាប់​ប្រទេស​ទាំងពីរ​ដំបូង​គេ ហើយ​ស្ពាន​នេះ​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់ អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ដែលជា​ប្រទេសជិតខាង​គ្មាន​ទំនាក់ទំនង​ដ៏​ជិតស្និត​ជា​យូរអង្វែង​មកហើយ។

លោក ប្រា​យុទ្ធ ចាន់​អូ​ចា សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​ទាំងពីរ នឹង​រួម​សហការគ្នា​ធ្វើឱ្យ​ស្ពាន​នេះ​បើក​ដំណើរការបាន​ទាំងស្រុង​ក្នុងពេលឆាប់ៗនេះ ហើយ​លោក​ក៏បាន​ជំរុញ​ឱ្យ​ស្ថាប័ន ដែល​ទទួលខុសត្រូវ​ចាប់ផ្តើម​ដំណើរការ​សាងសង់​អគារ​រដ្ឋបាល​ព្រំដែន​ទី​ពីរ​នៅទីនេះ​ឲ្យ​បាន​លឿន​បំផុត ដោយ​ធ្វើ​ឲ្យ​រួចរាល់​ស្រប​ជាមួយនឹង​ការធ្វើ​ផ្លូវ​ត​ភ្ជាប់​ស្ពាន​ខាង​ភាគី​កម្ពុជា។

ស្ពាន​មិត្តភាព​កម្ពុជា-ថៃ​នេះ ជា​ស្ថាន​ធំ​ទី១ ដែល​បាន​សាងសង់​លើ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ នៅ​ចន្លោះ​បង្គោល​ខណ្ឌ​ព្រំសីមា​លេខ៥០ និង​លេខ៥១ ស្ពាន​មាន​ប្រវែង៦២ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយនៅ​ផ្នែក​កម្ពុ​ជាមាន​ប្រវែង ២១៥ម៉ែត្រ នៅ​ផ្នែក​ថៃ​មាន​ប្រវែង៤០៥ ម៉ែត្រ៕