រដ្ឋាភិបាលអភិវឌ្ឍន៍ខេត្តកែបទៅជាតំបន់ទេសចរណ៍កម្រិតខ្ពស់ តែហាមបង្កើតកាស៊ីណូ

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​បណ្ឌិត ថោង ខុន បាន​អះអាងថា រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​ក្រសួងទេសចរណ៍​ដឹកនាំ​ការសិក្សា​អំពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​កែប ដែលជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​របស់​កម្ពុជា​ឲ្យ​ក្លាយទៅជា «តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់» ប៉ុន្តែ​អាច​នឹងមិន​មានការ​បង្កើត​ឲ្យ​មាន «កាស៊ីណូ» និង​រោងចក្រ​សហគ្រាស​ឡើយ។

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ «គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ» ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី១៨ ខែមេសា​នេះ ក្រោម​អធិបតីភាព​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក​បន្តថា ការអភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់​នេះ គឺ​រាប់បញ្ចូល​ទាំង​ទីក្រុង ឆ្នេរ​ខ្សាច់ កោះ ផ្សារ កំពង់ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក៏ដូចជា​រមណី​ដ្ឋា​ន​ទេសចរណ៍​នានា​ផងដែរ ប៉ុន្តែ​អាច​នឹងមិន​មានការ​បង្កើត​ឱ្យមាន «កាស៊ីណូ» និង​រោងចក្រ​សហគ្រាស​ឡើយ។

ក្រសួងទេសចរណ៍​ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​លំនៅដ្ឋាន​ទី២ សម្រាប់​ភ្ញៀវទេសចរ​វ័យ​ចំណាស់ ឬ​ចូលនិវត្តន៍​នៅ​ខេត្ត​កែប​នេះ​ផងដែរ ដើម្បីឱ្យ​ពួកគេ​ពន្យារពេល​ក្នុងការ​ទស្សនា និង​ស្នាក់​នៅក្នុង​រយៈពេល​យូរ​ក្នុងប្រទេស​កម្ពុជា ដែល​ជំរុញ​ឱ្យ​ពួកគេ​មានការ​ចំណាយ​ច្រើន។

ជាការ​ពិតណាស់ ថ្វី​ដ្បិត​ខេត្ត​កែប​ជា​ខេត្ត​តូច​ជាងគេ​មួយ​ក៏ពិតមែន ប៉ុន្តែ​ខេត្ត​នេះ​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍​មួយ​ដែរ ពិសេស​គុណភាព​ខ្យល់​សមុទ្រ កោះទន្សាយ ផ្សារ​ក្តាម ហើយ​នាពេល​ខាងមុខនេះ ក៏​អាច​នឹងមាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​តូច​មួយទៀត។

បើតាម​លោក ថោង ខុន ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កែប​ទៅជា​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លើ​ការសិក្សា​រៀបចំ «ខេត្តកំពត​ទៅជា​តំបន់​ទេសចរណ៍វប្បធម៌​បេតិកភណ្ឌ និង​ក​សិ​ទេសចរណ៍» ក្នុងពេលដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ ក្នុង​គម្រោង​កិច្ចសហប្រតិបត្តិការ​ម​ហា​អនុតំបន់​ទន្លេមេគង្គ ដែល​អាច​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ២០២០ ខាងមុខ។

មួយទៀត ក៏មាន​គម្រោង​រៀបចំ​ខេត្តកោះកុង​ទៅជា «តំបន់​អេកូ​ទេសចរណ៍» ខណៈ​ខេត្ត​ព្រះសីហនុ​បានក្លាយ​ជា​តំបន់​ទេសចរណ៍ និង​សេដ្ឋកិច្ច​ពហុ​បំណង​រួចហើយ ពោលគឺ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង៤របស់​កម្ពុជា​នេះ សុទ្ធ​តែមាន​លក្ខណៈពិសេសរៀងៗខ្លួន ដែល​ផ្ដល់​ផលចំណេញ​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ៕