រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើអង្គការរបស់ជប៉ុនជួយសិក្សាអំពីលទ្ធភាពកែច្នៃ និងអភិវឌ្ឍន៍ផលិតផលខ្មែរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ ស្នើ​ប្រធាន​អង្គការ JETRO ជួយ​សិក្សា​អំពី​លទ្ធភាព​កែច្នៃ និង​អភិវឌ្ឍន៍​ផលិតផល​ខ្មែរ នៅតាម​បណ្តា​រាជធានី​ខេត្ត​នៅ​កម្ពុជា និង​ប្រមូល​ផលិតផល​ដែលមាន​សក្តានុពល​ទាំងអស់ ធ្វើការ​ដាក់លក់ និង​បង្ហាញជូន​សាធារណៈជន នៅក្នុង​ផ្សារ​ទំនើប AEON ទាំងពីរ ដើម្បី​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក។

ការស្នើ​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក មី​យ៉ាវ ម៉ាសា​ហ៊ី​រូ (Miyao Masahiro) ប្រធាន​អង្គការ JETRO នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​វេលា​ព្រឹក​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​ប្រតិបត្តិ​សហការ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន។

លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​បង្កើត​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម និង​ជំនួប​ធុរកិច្ច របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន (AEON) រាជធានី​ភ្នំពេញ នា​ដើមខែ​តុលា​ខាងមុខ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ផលិតផល​ខ្មែរ និង​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​ប្រទេស​ជប៉ុន។

លោក​បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ដើម្បី​ពង្រីក​វត្តមាន​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​អន្តរជាតិ ស្របតាម​និន្នាការ​ពិភពលោក និង​បានស្នើ​ប្រធាន​អង្គការ JETRO ធ្វើការ​សហការ​ជាមួយ​ផ្សារ​ទំនើប AEON ដើម្បី​បង្កើតជា​វេទិកា ឬ​កម្មវិធី​ដោះដូរ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ក៏ដូចជា​បញ្ជរ​លក់ និង​ចែកចាយ​ផលិតផល​ខ្មែរ ទៅកាន់​អតិ​ជន​គោលដៅ​ឱ្យបាន​ទូលំទូលាយ។

ជាការ​ឆ្លើយតប លោក មី​យ៉ាវ ម៉ាសា​ហ៊ី​រូ បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​ព័ត៌មានសំខាន់ៗ និង​បាន​តែង​គាំទ្រ​ប្រតិបត្តិការ​របស់​អង្គការ JETRO នៅ​កម្ពុជា​រយៈពេល​ជាង ៩ឆ្នាំនេះ។

លោក​ប្រធាន​អង្គការ JETRO បាន​សន្យា​ដឹកនាំ​និ​យោគិន​ជប៉ុន ចូលរួម​ព្រឹត្តិការណ៍​ភូមិ១ ផលិតផល១ របស់​កម្ពុជា និង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម និង​ជំនួប​ធុរកិច្ច នៅ​ផ្សារ​ទំនើប AEON ដើម្បី​ស្វែងយល់​អំពី​សក្តានុពល​ផលិតផល​ខ្មែរ និង​ឱកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា។

បន្ថែម​លើ​នេះ លោក មី​យ៉ាវ ម៉ាសា​ហ៊ី​រូ ក៏បាន​ស្នើសុំ​លោក​រដ្ឋមន្ត្រី​ធ្វើ​វិសោធនកម្ម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) រវាង​អង្គការ JETRO និង​ក្រសួងពាណិជ្ជកម្ម​ឡើងវិញ ដោយ​បញ្ចូល​បន្ថែម​នូវ​ផែនការអាជីវកម្មថ្មីៗ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ៕