
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ កាលពីម្សិលមិញ បានស្នើសុំឱ្យចិនវិនិយោគសាងសង់ឡសម្ងួតកសិផលខ្មែរ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងបម្រើឧស្សាហកម្មកែច្នៃម្ហូបអាហារសំដៅនាំចេញទៅកាន់ប្រទេសចិននិងទីផ្សារអន្តរជាតិ។
ក្នុងជំនួបពិភាក្សាមួយនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រាកាលពីថ្ងៃទី២៤ ខែមេសានេះ លោក ប៉ាន សូរស័ក្តិ បានស្នើទៅភាគីចិនសុំឱ្យចិនវិនិយោគសាងសង់ឡសម្ងួតកសិផលខ្មែរតាមរយៈលោក ជិន គួយហ្វា (Chen Qiufa) លេខាបក្សកុំម្មុយនីសខេត្តលាវនីង។
លោករដ្ឋមន្ត្រីបានប្រាប់ចិនថា កម្ពុជាជាប្រទេសកសិកម្មដែលសម្បូរដោយភោគផលធម្មជាតិមានដូចជា ស្រូវ ស្វាយ ចេក ពោត ផ្លែមាន និងដំឡូងមី ជាដើម។ បន្ថែមលើនេះ លោកលេខាបក្សខេត្តលាវនីង ជួយគាំទ្រកម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តលាវនីង និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ ព្រមទាំងវេទិកាធុរកិច្ច និងវិនិយោគផ្សេងៗ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តលាវនីង។
លោក ជិន គួយហ្វា បានស្នើសុំកម្ពុជាគាំទ្រគម្រោងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្មលាវនីងនៅក្នុងខេត្តព្រះសីហនុ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងខេត្តលាវនីងនៃប្រទេសចិន និងខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។
គួរបញ្ជាក់ថា ឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាមានឡសម្ងួតស្រូវចំនួន៣ទីតាំងគឺស្ថិតនៅខេត្តកំពង់ធំ តាកែវ និងព្រៃវែងមានសមត្ថភាពសម្ងួតស្រូវបាន ៤៥០០តោនក្នុង១ថ្ងៃ៕