ចិនយល់ទទួលទិញអង្ករ ៤០ ម៉ឺនតោនពីកម្ពុជា ដោយចាប់គិតពីខែសីហាដល់ឆ្នាំ ២០២០

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា-ចិន បាន​ឯកភាពគ្នា​លើ​អនុស្សារណៈ​យោគយល់​គ្នា​មួយ ពាក់ព័ន្ធ​នឹង​ការទិញ​អង្ករ ៤០ម៉ឺន​តោន​ពី​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​សាជីវកម្ម COFCO នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី ២៥មេសា​នេះ។

តាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-ចិន ក្រសួងពាណិជ្ជកម្ម តាមរយៈ​ក្រុមហ៊ុន ហ្គ្រី​ន ត្រេ​ដ ដែលជា​សេនាធិការ បានធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម COFCO នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ លើ​ការរៀបចំ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MoU) សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា ចូលទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន។

ក្រសួង​បាន​បន្តថា ជា​លទ្ធផល​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​លើ​សេចក្តីព្រាង​អនុស្សារណៈ ដើម្បី​ចុះហត្ថលេខា​នៅក្នុង​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ លើក​ទី២ ដែល​ដឹកនាំ​ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

សម្រាប់​ចំណុចសំខាន់ៗ នៅក្នុង​អនុស្សារណៈ​ដែល​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​រួមមាន ភាគី​ចិន​យល់ព្រម​ទិញ​អង្ករ ផ្កាម្លិះ អង្ករ​ក្រអូប អង្ក​រស និង​ចុងអង្ករ របស់​ប្រទេស​កម្ពុជា ក្នុង​បរិមាណ៤០ម៉ឺន​តោន ចាប់ពី​ខែសីហា ឆ្នាំ២០១៩ រហូតដល់​ចុងខែ​ធ្នូ ឆ្នាំ២០២០នេះ។ អនុស្សរណៈ​នេះ​នឹង​ចូល​ជា​ធរមាន​ភ្លាម បន្ទាប់ពី​គូភាគី​ទាំងពីរ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សារណៈ​ដំបូង ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្តីពី​ការចូល​អង្ករ​ចំនួន ៣០ម៉ឺន​តោន។

សេចក្ដីប្រកាស​បន្តថា យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច៖ គូភាគី នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សរណៈ​រៀងរាល់​ត្រីមាស ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតឡើង​ជាយថាហេតុ​ប្រសិនបើ​កើតឡើង​ក្នុងកំឡុងពេល​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ។

ការប្រកាស​ទិញ​អង្ករ​ពី​កម្ពុជា​កើន​ដល់៤០ម៉ឺន​តោន​ក្នុង១ឆ្នាំ​របស់​ចិន​នេះ បានធ្វើ​ឡើង​ដោយ​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង នៅក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាទី​ក្រុង​ប៉េកាំង កាលពី​ខែមករា ឆ្នាំ២០១៩ កន្លងទៅ ស្រប​ពេលដែល​អឺរ៉ុប​បានប្រកាស​យកពន្ធ​អង្ករ​ពី​កម្ពុជា។ ជាមួយគ្នានេះ ចិន​នឹង​ប្រឹងប្រែង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន​ឲ្យ​កើនឡើង​ដល់១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣ ខណៈ​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង​ដល់ ៥,៦ពាន់​លាន​ដុល្លារ៕