ក្រុមហ៊ុនចិនចំនួន ១៤៨ បានបង្កើត​ការ​ងារ​ជូន​ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ: សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា បច្ចុប្ប​ន្ន​មានក្រុមហ៊ុនចំនួន ១៦១ កំពុងធ្វើសហ​ប្រតិ​បត្តិ​ការនៅខេត្តព្រះសីហនុ ក្នុង​នោះមានក្រុមហ៊ុនចិនចំនួន ១៤៨ បាន​បង្កើត​កា​រ​ងារ​ជូន​ប្រ​ជា​ជនកម្ពុជាជាង ២ម៉ឺននាក់។

ការលើកឡើងនេះ នៅ​ថ្ងៃទី ២៦​មេសា​នេះ នៅទីក្រុងប៉េកាំងប្រទេសចិន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញចូលរួមពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ ដែលពិធីនោះក៏មានការអញ្ជើញចូលរួមជាអធិបតីពីលោក​ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងបណ្ដាថ្នាក់ដឹកនាំប្រទេសជាច្រើនទៀត។
ក្នុងឱកាសនោះ សម្ដេចថ្លែងថា ភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែល​ជាគម្រោង​វិនិយោគដ៏ធំរបស់ចិន និង​ជា​សក្ខីភាពមួយយ៉ាងច្បាស់នៃការកសាង​គម្រោងផែនការសហប្រ​តិ​បត្តិ​ការ «ខ្សែក្រវាត់ និងផ្លូវ» រវាងប្រ​ទេស​ទាំង​ពីរ។
សម្ដេចបន្តថា គម្រោងទាំងនេះទទួលបានជោគជ័យល្អប្រសើរ ហើយ​បច្ចុប្ប​ន្ន​មានក្រុមហ៊ុនចំនួន១៦១ កំពុងធ្វើសហ​ប្រតិ​បត្តិ​ការ​។«ក្នុង​នោះមានក្រុមហ៊ុនចិនចំនួន ១៤៨ និងបង្កើត​ការ​ងារ​ជូន​ប្រ​ជា​ជនកម្ពុជាជាង ២ម៉ឺននាក់​»។


សម្ដេចថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រុងព្រះសីហនុជំហ៊ានពីរអាចនឹងបង្កើតការងារជូនប្រជាជនប្រមាណ ៨ម៉ឺននាក់បន្ថែមទៀត។ សមិទ្ធផលថ្មីមួយទៀតតាមរយៈគំនិតផ្តួចផ្តើមនេះ គឺកម្ពុជាសម្រេចបាននូវការកសាងផ្លូវល្បឿនលឿន​​ភ្នំពេញ-ព្រះ​សីហនុ ដែលនឹងក្លាយទៅជាកម្លាំងចលករមួយចូលរួមកែប្រែវិមាត្រសេដ្ឋកិច្ចកម្ពុជា និង​បង្កើន​ការតភ្ជាប់ក្នុង​តំបន់​ឲ្យកាន់តែប្រសើរឡើង។
សម្តេចមានជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» កំពុងបង្កើតកម្លាំងចលករថ្មី​សំដៅបន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក ដើម្បីបុព្វ​ហេតុ​សន្តិ​សុខ សន្តិភាព ភាពសុខដុមរមនា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។


ក្នុងស្មារតីនេះ«យើងពិតជា​មាន​តម្រូវការចាំបាច់ក្នុងការជំរុញកសាងសាមគ្គីភាព និងការយោគយល់គ្នាដោយផ្អែកលើតម្លៃនៃគុណធម៌ សាម​គ្គី​ភាព មិត្តភាព និងជំនឿទុកចិត្ត និងសមភាពនៅក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេសរវាងប្រជាជន និងប្រ​ជា​ជនរ​បស់យើង»៕