លោក ស៊ុន ចាន់ថុល៖ ការសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុធ្វើតាមជំហានៗ

ខេត្ត​ព្រះសីហនុ: លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន កាលពី​ម្សិលមិញ​បានការ​សាងសង់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ធ្វើតាមជំហានៗ ដើម្បី​ឆ្លើយតប​នៃ​ការកើនឡើង​ចំពោះ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​រំពឹង​បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់ផែ​នឹង​កើន​លើស ៧០០.០០០ TEUs នៅ​ឆ្នាំ ២០២០នេះ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា វា​ជា​មោទនភាព​យ៉ាងខ្លាំង​របស់​ប្រទេស​កម្ពុជា ដោយ​បរិមាណ​ទំនិញ​ឆ្លងកាត់​បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ ២០១៨ ពោល​គឺមាន​កំណើន ២២,០៨ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៧នេះ។ រីឯ​ចំណូល​អាជីវកម្ម​សរុប​សម្រេច​បាន​ប្រមាណ ៧២លាន​ដុល្លារ​អាមេរិក។

លោក​បន្តថា ផ្អែកលើ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​រំពឹងថា បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់ផែ​នឹង​កើន​លើស ៧០០.០០០ TEUs នៅ​ឆ្នាំ ២០២០ និង​លើស ១.០០០.០០០ TEUs នៅ​ឆ្នាំ ២០២៣ ដែល​នាំ​ឲ្យ​តម្រូវ​ការអភិវឌ្ឍ និង​សាងសង់​កំពង់ផែ ត្រូវ​សម្រេចបាន​ទាន់ពេលវេលា និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​បញ្ចុះតម្លៃ​លើកដាក់​ទំនិញ បញ្ចុះតម្លៃ​សេវា​ឡូ​ជិ​ស្ទិ​ក ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង និង​ប្រតិបត្តិការ​កំពង់ផែ និង​ក​តា្តផ្សេងៗទៀត ដើម្បី​ពង្រឹង​ការប្រកួតប្រជែង​ក្នុង​តំបន់ និង​សកលលោក។

លើសពីនេះ លោក​ទេសរដ្ឋមន្ត្រី​ថា ថ្មីៗនេះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏បាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ធុរកិច្ច​នៅ​កម្ពុជា​សំដៅ​ជំរុញ​ភាព​ប្រកួតប្រជែង និង​បង្កើនល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ចីរភាព​កំណើនសេដ្ឋកិច្ច​សម្រាប់រ​យៈ​ពេលខាងមុខ តាមរយៈ​វិធានការ​បញ្ចុះ​ថ្លៃ​លើកដាក់ Lo-Lo ចំនួន ១០ភាគរយ បញ្ចុះ​ថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារ​អាមេរិក ក្នុង​មួយ Box និង​កែសម្រួល​មិន​គិតថ្លៃ​ឈ្នួល​បម្លាស់​ទី​នាវា (Shifting)៕