
ព្រះសីហនុ៖ ប្រព័ន្ធលូសរុបប្រវែងប្រមាណ ១៥៧គីឡូម៉ែត្រ ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនអះអាងថា ត្រូវការថវិកាប្រមាណ ២០០លានដុល្លារអាមេរិក ដើម្បីធ្វើការកសាងអាងចម្រោះទឹកកខ្វក់ថ្មី ខណៈកំណើនសំណង់លំនៅឋាន និងអ្នកវិនិយោគនៅក្នុងខេត្តព្រះសីហនុច្រើន។
ការលើកឡើងនេះ នៅថ្ងៃទី៣០ ខែមេសានេះ ខណៈលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត បានធ្វើដំណើររួមគ្នាចុះពិនិត្យ និងសិក្សានៅទីតាំងស្ថានីយចម្រោះទឹកកខ្វក់នៅក្នុងខេត្តនេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ស្ថានីយចម្រោះទឹកកខ្វក់នាពេលនេះ មានសមត្ថភាពចម្រោះទឹកបានប្រមាណតែ ៥ពាន់ម៉ែត្រគូបប៉ុណ្ណោះ ខណៈដឹកកខ្វក់បង្ហូរពីតាមលំនៅឋាន អាហារដ្ឋាន និងសណ្ឋាគារជាដើមកំពុងមានកម្រិតខ្ពស់រហូតដល់ទៅ ២៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
លោកបន្តថា ដើម្បីចម្រោះទឹកកខ្វក់ដែលកំពុងមានកំណើតយ៉ាងគំហុកនាពេលបច្ចុប្បន្ន គឺក្រសួងបានសិក្សាសាងសង់អាងចម្រោះទឹកកខ្វក់បន្ថែមទៀត ដែលគោលបំណងធ្វើឲ្យស្ថានីយចម្រោះទឹកកខ្វក់នេះមានសមត្ថភាពចម្រោះទឹកកខ្វក់ឲ្យបាន៦ម៉ឺនគូបក្នុងមួយថ្ងៃ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា៖«ការកសាងអាងចម្រោះទឹកថ្មី ក៏ដូចជាការដាក់ប្រព័ន្ធលូសរុបប្រវែងប្រមាណ ១៥៧គីឡូម៉ែត្រនោះ គឺត្រូវការថវិកាប្រមាណ ២០០លានដុល្លារអាមេរិក»។
បន្ទាប់ពីមានបទបញ្ជារបស់សម្តេច ហ៊ុន សែននោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដឹកនាំសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៤នៅតាមឆ្នេរនានាក្នុងក្រុងព្រះសីហនុ ដើម្បីស្ទាក់ និងបូមទឹកកខ្វក់បង្ហូរចេញពីតាមលំនៅដ្ឋាន អាហារដ្ឋាន និងសណ្ឋាគារនានាចូលទៅស្ថានីយចម្រោះទឹកកខ្វក់ធំ។
គួរបញ្ជាក់ថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៤ បានសាងសង់រួចរាល់ ហើយក៏បានជួយទប់ស្កាត់មិនឲ្យមានទឹកកខ្វក់បង្ហូរចូលសមុទ្រទៀត៕