
សៀមរាប: កាលពីពេលថ្មីៗនេះ ស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយមានឈ្មោះថា You Discover បានជ្រើសរើសយកក្រុងសៀមរាបជាគោលដៅទេសចរណ៍លេខ១សម្រាប់ឆ្នាំ២០១៩នេះក្នុងចំណោមបណ្តាទីក្រុងទាំង ៩៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
តាមក្រសួងទេសចរណ៍កម្ពុជាបានអះអាងថា មិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញ និងក្រុងបាត់ដំបងក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង១៥ផងដែរ ដោយរាជធានីភ្នំពេញឈរនៅលំដាប់លេខ៤ខណៈក្រុងបាត់ដំបង ឈរនៅលំដាប់លេខ ១៣ ។
លើសពីនេះទៅទៀតក្រុងសៀមរាបឈរលើកំពូលតារាងដោយទទួលបាន១០ពិន្ទុពេញ ខណៈដែលទីក្រុងបាងកកឈរលេខ ២ និងទីក្រុងសិង្ហបុរី ឈរលេខ៣ ហើយរាជធានីភ្នំពេញ ឈរនៅលំដាប់ទី៤ មានពិន្ទុ ៩,។
ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោករបស់អាល្លឺម៉ង់ You Discover បានបង្ហាញពីសក្តានុពលនៃខេត្តសៀមរាប ដែលមាន ប្រាសាទបុរាណជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលជា អត្តសញ្ញាណជាតិខ្មែរ គួបផ្សំនឹងតំបន់កម្សាន្តជាច្រើនទៀត ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស៕