
រាជធានីភ្នំពេញ៖ ស្ថិតនៅក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ ក្រុមហ៊ុន B.I.C Group កាលពីព្រឹកថ្ងៃទី 06 ខែសឧភា ឆ្នាំ 2019 នេះ បានបោះទន់ប្រមាណ 200 លានដុល្លារសហរដ្ឋអាមេរិក លើគម្រោងសាងសង់អគារ One Central Tower ដ៏ប្រណិតមួយ នៅតំបន់បឹងស្នោ នៅក្នុងទំហំដីប្រមាណ 24,000 ម៉ែត្រការ៉េ។
តាមការបញ្ជាក់ពី ឯកឧត្ដម យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃ B.I.C Group បានឲ្យដឹងថា៖ One Central Tower នឹងជាចំណុចចាប់ផ្តើមដំបូងបំផុតនៃគម្រោងអភិវឌ្ឍពហុវិស័យជាមួយនឹងទឹកប្រាក់វិនិយោគដំបូងដ៏មហិមារហូតដល់ទៅ 200 លានដុល្លារអាមេរិក ដើម្បីប្រែក្លាយតំបន់បឹងស្នោឲ្យទៅជាទីក្រុងដ៏ទំនើបថ្មីមួយទៀត ដែលប្រមូលផ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបទាន់សម័យ ផ្សារទំនើបលំដាប់អន្តរជាតិ មន្ទីរពេទ្យទំនើប រួមជាមួយការរស់នៅលក្ខណៈធម្មជាតិ និងការកម្សាន្តដ៏សម្បូរបែបលំដាប់ពិភពលោក។
ស្ថិតនៅដងនៃទន្លេមេគង្គ One Central Tower នឹងត្រូវចំណាយរយៈពេលពីរឆ្នាំកន្លះ ដើម្បីបញ្ចប់គម្រោងសាងសង់ដ៏អស្ចារ្យនេះនៅក្នុងឆ្នាំ 2022 ខណៈដែល គម្រោងទាំង 5 ផ្សេងៗទៀត ក៏នឹងស្ថិតក្នុងផែនការបញ្ចប់ជាបន្តបន្ទាប់។ ការអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រនេះ នឹងប្រែក្លាយតំបន់នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីសម្រាប់ទីក្រុងក្នុងសម័យកាលថ្មីនេះ។ One Central នឹងមានអគារខ្ពស់ស្កឹមស្កៃចំនួនប្រាំ ដែលចាប់ផ្តើមឡើងជាមួយអគារលំនៅឋានប្រណីតកម្ពស់ 38 ជាន់ និងអគារការិយាល័យទំនើបកម្ពស់ 22 ជាន់។
គម្រោងនេះ គឺដើម្បីបង្កើតមជ្ឈមណ្ឌលបើកចំហនៅចំកណ្តាល ដែលមានទេសភាពរុក្ខជាតិបៃតងដ៏ស្រស់ស្អាត និងទឹកទន្លេដ៏ស្រស់ត្រកាលហ៊ុមព័ទ្ធជុំវិញអគារលំនៅឋានដែលមានរាងកោងដ៏ស្រស់ស្អាតរបស់យើង។ ទេសភាពទីក្រុង និងទន្លេមេគង្គដ៏ស្រស់ត្រកាល បែរមុខមកចំអគារខុនដូរ បង្ហាញនូវទេសភាពដ៏ប្រណីត។ ជាមួយគ្នានេះ អគារលំនៅឋានដ៏ប្រណីតទាំងនេះ ក៏ផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត បែរទៅរកអគារការិយាល័យ ដែលគ្រោងនឹងក្លាយជាការិយាល័យកណ្តាលសម្រាប់ក្រុមហ៊ុន B.I.C Group នាពេលអនាគត។
ប្រធានក្រុមប្រឹក្សាភិបាលខាងលើបានបន្ថែមទៀតថា “យើងចង់ជួយប្រែក្លាយទីក្រុងភ្នំពេញ ជាមួយតំបន់អភិវឌ្ឍលំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ រួមជាមួយលំនៅឋានប្រណីត”។ “យើងកំពុងស្ថិតនៅចំណុចចាប់ផ្តើមនៃផែនការរយៈពេលវែងរបស់យើង ដើម្បីពង្រីកក្រុមហ៊ុន B.I.C Group ឲ្យកាន់តែរីកចម្រើននៅក្នុងជំហានថ្មី ក៏ដូចជារួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា សេវាកម្ម និងកំណើនការងារ” ។ ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ B.I.C Group គឺចង់ក្លាយជាស្ថាប័នវិនិយោគទុនឈានមុខគេនៅកម្ពុជា នៅក្នុងវិស័យធនាគារពាណិជ្ជ ពាណិជ្ជកម្ម ការធានារ៉ាប់រង សេវាកម្មសន្តិសុខ និងការអភិវឌ្ឍអចលនទ្រព្យ៕