ក្រុមហ៊ុននាំចេញផលិតផលកម្ពុជាចំនួន ២០ ត្រូវបានសហរដ្ឋអាមេរិកលុបឈ្មោះចេញពីបញ្ជី

ភ្នំពេញ: អាជ្ញាធរ​ចំណីអាហារ និង​ថ្នាំពេទ្យ​សហរដ្ឋអាមេរិក (U.S.FDA) បានសម្រេច​លុបឈ្មោះ ក្រុមហ៊ុននាំចេញ​ផលិតផល​ចំណីអាហារ​របស់​កម្ពុជា​ចំនួន ២០ ចេញពី​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​របស់ខ្លួន​សម្រាប់​ឆ្នាំ ២០១៩នេះ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី៦ ខែឧសភា។

ក្រសួងពាណិជ្ជកម្ម​បាន​លើកឡើងថា ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ជូនដំណឹង​ពី​ការចុះបញ្ជី​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ នៅត្រឹម​ដំណាច់ឆ្នាំ ២០។ ក្រុមហ៊ុន​ពី​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​ចំនួន ៥៦ មក​នៅត្រឹម ៣៦ ក្រុមហ៊ុន​នៅ​ដើមឆ្នាំ ២០១៩នេះ។ ប៉ុន្តែ​មិនបាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ​នៅឡើយ​ទេ។

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​បាន​បន្ត​ស្នើ​ឲ្យ​ក្រុមហ៊ុន​នានា​ទាក់ទង​នឹង​តំណាង​នៅ​សហរដ្ឋអាមេរិក គឺ​ក្រុមហ៊ុន Registrar Corp ដើម្បី​ជួយ​សម្រួល​ក្នុងការ​ចុះបញ្ជី​ជាថ្មី។ ក្រសួងពាណិជ្ជកម្ម​បាន​បន្តថា៖«ដើម្បី​ជៀសវាង​នូវ​ការ​ឃាត់ឃាំង ឬ​សកម្មភាព​និយ័តកម្មផ្សេងៗ ក្រុមហ៊ុន Registrar Corp សហរដ្ឋអាមេរិក​នឹង​សម្របសម្រួល​ផ្តល់​សេវា​ផ្ទៀងផ្ទាត់​ដោយ​ឥតគិតថ្លៃ​ចំពោះ​ការចុះបញ្ជី​ទីតាំង​ផលិត​ចំណីអាហារ​ឡើងវិញ​សម្រាប់​សុពលភាព​ឆ្នាំ ២០១៩ ជាមួយ U.S FDA ទើប​អាច​អនុញ្ញាតឱ្យ​ធ្វើការ​នាំចូល​និង​ចែកចាយ​នៅ​សហរដ្ឋអាមេរិក​បា​ន‍»។

ការ​លុបឈ្មោះ​ក្រុមហ៊ុន​បរទេស​ចេញពី​បញ្ជី​របស់​អាជ្ញាធរ​ចំណីអាហារ និង​ថ្នាំពេទ្យ​របស់​សហរដ្ឋអាមេរិក​គឺ​មិនមែន​តែ​លើ​ប្រទេស​កម្ពុ​ជាមួយ​ទេ។ មាន​ក្រុមហ៊ុន​ចំនួន ៤៧.៦៣៥ ត្រូវបាន​លុបចេញ​ដែល​ត្រូវជា ២០ ភាគរយ​នៃ​ក្រុមហ៊ុន​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ក្នុង​ឆ្នាំ ២០។ នេះ​បើតាម​ការបញ្ជាក់​នៅលើ​គេហទំព័រ​របស់​ការិយាល័យ​ក្រុមហ៊ុន Registrar Corp ។

សហរដ្ឋអាមេរិក​ទទួល​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ចំនួន ៣,៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ក្នុងនោះ​ផលិតផល​កសិកម្ម​មាន​ចំនួន ២៤ លាន​ដុល្លារ។ ផលិតផល​កសិកម្មរ​បស់​កម្ពុ​ជាមាន​ស្រូវ កៅស៊ូ អាហារសម្រន់ បន្លែ​និង​គ្រឿងទេស។ នេះ​បើតាម​ការបញ្ជាក់​របស់​គេហទំព័រ​នៃ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក៕