
ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដោយបានកើនឡើងពីទឹកប្រាក់ជាង ៥០០លានដុល្លារអាមេរិក (២០១២) ដល់ទៅជាង ១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨នេះ។
លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក Marshal John Philliban មេបញ្ជាការរងកងទ័ពជើងអាកាស និងជាប្រតិភូផ្នែកការពារជាតិនៃចក្រភពអង់គ្លេស នៅទីស្តីការក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ០៦ឧសភាថា វឌ្ឍនភាពនៃឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ព្រមទាំងការចូលរួមរបស់ក្រសួងពាណិជ្ជកម្មជាមួយក្រសួងពាក់ព័ន្ធ បានលើកកម្ពស់លក្ខខណ្ឌការងារ និងការលុបបំបាត់ពលកម្មកុមារ។
លោកបន្តថា លើសពីនេះ តាមរយៈកិច្ចសហការភាពជាដៃគូជាមួយអង្គការពលកម្មអន្តរជាតិ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) សំដៅធានាការអភិវឌ្ឍវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាប្រកបដោយនិរន្តរភាព។
លោកបញ្ជាក់ថា៖«ការសហការគ្នាដ៏ល្អនេះ បានធ្វើឲ្យកំណើនទំហំទឹកប្រាក់ជាង ៥០០លានដុល្លារអាមេរិកនៅឆ្នាំ ២០១២ ដល់ទៅជាង ១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨នេះ»។
ជាការឆ្លើយតប លោក Marshal John Philliban បានសម្តែងចំណាប់អារម្មណ៍ខ្ពស់ ចំពោះវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលប្រទេសទាំងពីរសម្រេចបាន និងបានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រីស្តីទី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗទាំងនេះ។
លោក និងគណៈប្រតិភូ ក៏បានសន្យាពាំនាំសំណើរបស់លោករដ្ឋមន្ត្រីស្តីទី ទៅជម្រាបជូនរាជរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ដើម្បីបន្តសហការ និងជួយគាំទ្រទិញទំនិញរបស់កម្ពុជា៕