
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានហាមយ៉ាងដាច់ខាតមិនឲ្យអ្នកដឹកនាំក្រុមទេសចរ (Tour Leaders) ទាំងឡាយជូនលុយក្រៅផ្លូវការទៅមន្ត្រីនគរបាល នៅពេលបោះត្រាលើលិខិតឆ្លងដែន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ឬព្រលានយន្តហោះអន្តរជាតិ ហើយក៏មិនត្រូវណែនាំឲ្យភ្ញៀវទេសចរបរទេសប្រព្រឹត្តទង្វើមិនគប្បីបែបនេះឡើយ។
ការហាមនេះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នាថ្ងៃទី០៨ ខែឧសភា នៅទីស្ដីការក្រសួងទេសចរណ៍។
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា តាមការរាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋាន មានការឲ្យលុយនៅពេលបោះត្រាលើលិខិតឆ្លងដែនរបស់ភ្ញៀវជនជាតិចិនខ្លះ នៅពេលដែលភ្ញៀវយកលិខិតឆ្លងដែននោះទៅឲ្យមន្ត្រីនគរបាលបោះត្រា តែមិនច្រើនទេត្រឹម ២០០០រៀល ៥០០០រៀល ឬ ៥យ័ន តែប៉ុណ្ណោះ។
លោកថា «បងប្អូនចិន នៅខេត្តសៀមរាប ពិសេស Tour Leaders ហ្នឹងហ្មង គាត់រៀបឡើងឡានចេញហើយ គាត់ថាដាក់លុយឱ្យគេក្នុង Passport ទៅ ដើម្បីគេវ៉ៃត្រាឲ្យស្រួលខ្លះ ខ្ញុំបានតាមដានមើលឃើញដាក់លុយខ្មែរ ២០០០, ៥០០០ (រៀល) បើមិនហ្ចឹងទេ ៥យ័ន»។
លោកបានបញ្ជាក់ថា ទោះបីមានបញ្ហានេះកើតឡើងក៏ដោយ លោកនៅតែព្យាយាមឱ្យមន្ត្រីនគរបាលពាក់ព័ន្ធ ដាច់ខាតមិនត្រូវធ្វើយ៉ាងដូច្នោះទេ ព្រោះមិនមែនជាចំណុចល្អ ហើយជាអំពើខុសច្បាប់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធភ្លាមៗ ពិសេសមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ដែលបានមកចូលរួមប្រជុំ ត្រូវផ្សព្វផ្សាយបញ្ជ្រាបបញ្ហានេះជាបន្ទាន់ទៅដល់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដាច់ខាតមិនឲ្យប្រព្រឹត្តទង្វើបែបនេះទៀតទេ។
លោកបានព្រមានថា បើមគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងនោះ នៅតែប្រព្រឹត្តបែបនេះទៀត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ពោលគឺត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យបានចាប់ពីពេលនេះតទៅ៕