ទីបំផុត ! កម្ពុជាបាននាំចេញផ្លែចេកអំបូងលឿងទៅទីផ្សារចិនជាលើកដំបូងបង្អស់ចំនួន ១០០តោន

ភ្នំពេញ: កម្ពុជា​បាន​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ចំនួន១០០ តោន​ទៅកាន់​ទីផ្សារ​ចិន​ជា​លើកដំបូង​ហើយ ខណៈ​មាន​ក្រុមហ៊ុននាំចេញ​ចំនួន ១០ បានដាក់​ពាក្យស្នើសុំ​គោលការណ៍​អនុញ្ញាត​នាំចេញ​ចេកអំបូង​លឿង​ស្រស់​ទៅកាន់​ប្រទេស​ចិន ប៉ុន្ដែ​មា​នន​តែ​ក្រុមហ៊ុន​ចំនួន ៥ប៉ុណ្ណោះ ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់​នឹង​បច្ចេកទេស​នាំចេញ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

តាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា នៅ​ថ្ងៃទី០៩ ខែ ឧសភា​នេះ នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន ហ៊ុន ទី ស្ថិតនៅ​ខណ្ឌ​សែន សុខ មាន​រៀបចំ​ពិធី​សម្ភោ​ធ​ការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ក្រោម​អធិបតីភាព​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ក៏មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចូលរួម​ជា​សក្ខីភាព។

លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឡើង​ថា កម្ពុជា​បាន​ចរចារ​ជាមួយ​ភាគី​ចិន​អំពី​នីតិវិធី បែបបទ ឯកសារ​ចាំបាច់សំខាន់ៗទាំង​ច្បាប់ និង​បច្ចេកទេស ជាពិសេស​ឯកសារ​អនាម័យ និង​ភូតគាម​អនាម័យ​មុន​ឈានទៅ​ចុះហត្ថលេខា​លើ​អនុស្សរណ:នៃ​ការយោគយល់​គ្នា កាលពី​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ស្តីពី​ការនាំ​ចេក​ស្រស់​ចេញទៅ​កាន់​ទីផ្សារ​ចិន​រួចរាល់​ហើយ។

លោក លី អាន បាន​ឡើង​ថា ការអនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម ២០១៩-២០២៣ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​កសិក​ម្ម​ជា​សេនាធិការ​បាន​ខិតខំ​ពុះពារ​គ្រប់បែបយ៉ាង​ក្នុង​ឆន្ទ:ច្បាស់លាស់​គឺ​ធ្វើយ៉ាងណា​នាំ​កសិផល​កម្ពុជា​ឲ្យ​បាន​ចូលក្នុង​ទីផ្សារ​អន្តរជាតិ ហើយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយកដ្ឋាន​កសិក​ម្ម និង​គ្រប់ភាគី​ពាក់ព័ន្ធ​បានទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ ជាក់ស្តែង​គឺ​ថ្ងៃនេះ។

លោក​បន្តថា លទ្ធផល​នេះ​មិនអាច​កាត់ផ្តាច់​បាន​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​ភាគី​ទាំងពីរ​ក្នុងការ​ចរចារ ការឧបត្ថម្ភ គាំទ្រ​ទាំង​ច្បាប់ និង​បច្ចេកទេស​ពី​ភាគី​ចិន​ធ្វើយ៉ាងណា​ដើម្បី​នាំ​ផ្លែ​ចេក​ស្រស់​កម្ពុជា​ចូលទៅក្នុង​ទីផ្សារ​ចិន ហើយ​ទីបំផុត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ឈានដល់​ការចុះ​ពិធីសារ​ស្តីពី​ការអនុញ្ញាត​ឲ្យ​កម្ពុជា​អាច​នាំ​ចេកអំបូង​លឿន​ទៅកាន់​ប្រទេស​ចិន។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែងថា ក្នុងចំណោម១០ ក្រុមហ៊ុន ដែល​បានដាក់​ពាក្យស្នើសុំ​គោ​ការណ៍​អនុញ្ញាត​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់ មានតែ​ក្រុមហ៊ុន​ចំនួន ០៥ មាន​ក្រុមហ៊ុន សុវណ្ណ រាជ​សី, ឡុង​ស្រេង ហ៊ុយ​ជៀន, ហ្គែ​ន​ឡែ​ន, ហ្គ្រី​ន​អាយ​ឡែ​ន និង​ក្រុមហ៊ុន​ឡង​មេ​ត ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់ និង​បច្ចេកទេស ហើយ​អាចធ្វើ​ការនាំចេញ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ចិន​លើក​ទី១ បាន​ចំនួន​ជាង១០០តោន​នា​ថ្ងៃនេះ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ពិធី​នា​ថ្ងៃនេះ​ស្របពេល​ដែល​ប្រទេស​ទាំងពីរ​ត្រៀម​រៀបចំ​ពិធី​រំលឹក​ខួប​លើ​ទី ៦១ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​ដែល​ភាគី​ទាំងពីរ​បានកំណត់​ថា “ឆ្នាំ​មិត្តភាព​កម្ពុជា-ចិន” ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​កម្ពុជា-ចិន ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​តាំងពី​នៅ​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ នៅ​ទីក្រុង​ប៉េកាំង៕