
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង និងលោកស្រីបណ្ឌិត សៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍ នៅថ្ងៃទី២០ ខែឧសភានេះ បានរួមគ្នាប្រកាសបើកការដ្ឋានសាងសងស្ពានថ្មើរជើងអាកាស (Sky Walk) ដែលមានតម្លៃជាង ៣៤ម៉ឺនដុល្លារ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ពលរដ្ឋខេត្តកំពង់ស្ពឺ និងអ្នកដំណើរដទៃទៀត។
នៅក្នុងកម្មវិធីនោះ លោក វ៉ី សំណាង បានថ្លែងថា ស្ពាននេះ នឹងចាប់ផ្ដើមសាងសង់ចំណុចផ្សារខេត្តកំពង់ស្ពឺ ដោយមានប្រវែង ៣០ម៉ែត្រ កម្ពស់ ៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ធ្វើពីបេតុងអាមេ ក្រោមជំនួយឧបត្ថម្ភពីលោកស្រីបណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក្នុងតម្លៃសាងសង់ ៣៤ម៉ឺនដុល្លារអាមេរិក ហើយចំណាយពេលសាងសង់ជិតមួយឆ្នាំ។
លោកបន្តថា ប្រជាជនខេត្តកំពង់ស្ពឺ បានទទួលនៅសមទ្ធិផលចំនួន ២ព្រមគ្នា ដែលជាជំនួយពីទឹកចិត្តដ៏ជ្រះថ្លារបស់លោកស្រីបណ្ឌិត សៀង ចាន់ហេង។ លោកថា ដោយការអាណិតស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ លោកស្រីបានចំណាយថវិកាផ្ទាល់ខ្លួន មកអភិវឌ្ឍន៍ក្នុងខេត្តកំពង់ស្ពឺគ្រប់វិស័យជាង ២លានដុល្លារ រួចទៅហើយ នេះមិនរាប់បញ្ចូលការចំណាយផ្សេងៗបន្ថែមនោះទេ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា កត្តាអភិវឌ្ឍន៍ និងការរីកចម្រើនដ៏ច្រើនក្នុងពេលបច្ចុប្បន្នបែបនេះ ដោយសារសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្រឡាញ់ប្រជាជន ស្រឡាញ់ប្រទេសជាតិ ឈរលើគោលការអភិវឌ្ឍន៍គ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំ ញាំងឲ្យប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូលខ្ពស់ មានជីវភាពរស់នៅប្រចាំថ្ងៃបានប្រសើរគ្រប់ៗគ្នា៕