
ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២៤ឧសភានេះ បានអនុម័តឥនទានសម្បទានចំនួន ៧,៦៤លានដុល្លារអាមេរិកសម្រាប់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឧទ្យានថាមពលពន្លឺព្រះអាទិត្យកម្លាំង១០០មេហ្គាវ៉ាត់ ខណៈគម្រោងនេះនឹងជួយកម្ពុជាអភិវឌ្ឍន៍ធនធានថាមពលកកើតឡើងវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសថា គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ នឹងជួយ (EDC) ដែលវាផ្គត់ផ្គង់អគ្គិសនីជាតិរបស់កម្ពុជា អាចសាងសង់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំង ១០០មេហ្គាវ៉ាត់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀត រួមានជាអាទិ៍ ផ្លូវចេញចូលរបង និងប្រព័ន្ធបង្ហូរទឹក ក្នុងខេត្តកំពង់ឆ្នាំង។ គម្រោងនេះ នឹងកសាងប្រព័ន្ធបញ្ជូនអគ្គិសនី ដែលតភ្ជាប់ទៅនឹងបណ្ដាញចែកចាយចម្បងនៅក្បែររាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឲ្យគម្រោងនេះអាចផ្គត់ផ្គង់ថាមពលទៅបណ្ដាញចែកចាយជាតិផងដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ីបន្តថា បន្ថែមពីលើឥណទានសម្បទានរបស់ ADB កញ្ចប់ហិរញ្ញប្បទានសម្រាប់គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ មានឥណទានសម្បទានចំនួន ១១លានដុល្លារ និង ៣លានដុល្លារ ជាហិរញ្ញប្បទានឥតសំណង។ ហិរញ្ញប្បទានឥតសំណងនេះ ទទួលបានពីមូលនិធិអាកាសធាតុយុទ្ធសាស្ត្រតាមរយៈកម្មវិធីពង្រីកថាមពលកកើតឡើងវិញ។
លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេសខាងផ្នែកការប្រែប្រួលអាកាសធាតុរបស់ ADB មានប្រសាសន៍ឲ្យដឹងថា « ការមានប្រភពថាមពលដែលគួរឲ្យជឿជាក់បាន មាននិរន្តរភាព និងតម្លៃសមរម្យ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទសដែលកំពុងមានការរីកចម្រើនឆាប់រហ័សដូចកម្ពុជា»។
លោកបន្តថា«ជំនួយរបស់ ADB នឹងមិនគ្រាន់តែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជាតាមរយៈការអភិវឌ្ឍថាមពល ព្រះអាទិត្យប៉ុណ្ណោះទេ វាក៏នឹងជួយឲ្យកម្ពុជាសម្រេចបានគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន យោងតាមកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីស»។
ក្នុងឆ្នាំ២០១៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនីតាមរយៈបណ្ដាញដែលបានតម្លើងរួចរាល់សរុបចំនួន ២១៧៥ មេហ្គាវ៉ាត់ ដែលក្នុងនោះថាមពលពី វារីអគ្គិសនីមានចំនួន ១៣៣០មេហ្គាវ៉ាត់ ឬប្រមាណ៦២ភាគរយ និងការផលិតថាមពលអគ្គិសនីពីឥន្ធនៈហ្វូស៊ីលមានចំនួន ៧៨០ មេហ្គាវ៉ាត់ ឬប្រមាណ៣៦ភាគរយ។ បើទោះបីកម្ពុជាមានពន្លឺព្រះអាទិត្យច្រើនក៏ដោយ ប៉ុន្តែសមត្ថភាព ផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ នាពេលបច្ចុប្បន្ន គឺត្រឹមតែ ១០ មេហ្គាវ៉ាត់ប៉ុណ្ណោះ។
តាមការសិក្សា ADB បង្ហាញឲ្យដឹងថា ប្រទេសកម្ពុជាអាចបន្ថែមថាមពលពន្លឺ ព្រះអាទិត្យប្រមាណ ២០០មេហ្គាវ៉ាត់ ទៅក្នុងបណ្ដាញចែកចាយត្រឹមឆ្នាំ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ និងដោយមិនប៉ះពាល់ដល់បណ្ដាញចែកចាយទេ៕