
ភ្នំពេញ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ២៦លានដុល្លារសហរដ្ឋអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ និងប្រើរយៈពេល២៤ខែ ខណៈមន្ត្រីកម្ពុជារំពឹងថា តំបន់ប៉ោយប៉ែត នឹងប្រែមុខមាត់ថ្មី។ នេះបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការបង្ហាញនេះ នៅថ្ងៃទី២៤ ខែឧសភានេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជាមួយក្រុមហ៊ុនសាងសង់ FIN TECHNIC។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងនេះផ្ដោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនដែលរួមមាន អគាររដ្ឋបាលច្រកចូលទ្វារព្រំដែន និងផ្លូវ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ សំណង់កាត់ បន្ថយគ្រោះទឹកជំនន់ និងការជួសជុលកែលម្អផ្លូវចាស់។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ៩២៨ ១១០ ៦៨១ បាត (Baht) ស្មើនឹង ២៦លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ។
លោកបន្តថា ច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងបម្រើតែសេវាដឹកជញ្ជូនប៉ុណ្ណោះ ដោយរក្សាទុកច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់បម្រើតែសេវាដឹកជញ្ជូនភ្ញៀវទេសចរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញដឹក ជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។
គួររំលឹកថា៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងនេះ សម្ដេច ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញក្នុងកម្មវិធី ៣ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកម្មវិធីទាំងបីនោះរួមមាន៖
១-ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ពានស្ទឹងបត់)
២-ការបើកការដ្ឋានសាងសង់អគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ និង
៣-ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរដ្ឋភ្លើង DMU៕