អ្នកវិភាគ៖ ការធ្វើទុក្ខបុកម្នេញ Huawei ជាសារប្រាប់ពិភពលោក កុំឲ្យធ្វើជំនួញជាមួយអាមេរិក

សហរដ្ឋអាមេរិក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ផលវិបាក​នៃ​ការវាយប្រហារ​ទៅលើ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ចិន​ឈ្មោះថា Huawei ខណៈ​វា​បានបង្ហាញ​សញ្ញា​ដ៏​អាក្រក់​មួយ​ប្រាប់​ដល់​ពិភពលោក ត្រូវ​ចៀសវាង​ការធ្វើ​ពាណិជ្ជកម្ម ឬ​ដៃគូរ​ដោះដូរ​ទំនិញ​ជាមួយ​សហរដ្ឋអាមេរិក។ នេះ​តាម​លោក Richard Wolff សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ Massachusetts។

លោក Richard Wolff ត្រូវបាន​សារព័ត៌មាន​រុស្ស៊ី RT ដកស្រង់​សំដី​កាលពីពេលថ្មីៗនេះ​ថា ការធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​បាន​វិ​វត្ត​ទៅជា​បច្ចេកវិទ្យា​មួយ​រួចទៅហើយ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក (Google) មិន​ឲ្យ​ផ្គត់ផ្គង់​គ្រឿងបន្លាស់ ឬ​បច្ចេកវិទ្យា​លក់​ឲ្យ​ក្រុមហ៊ុន Huawei នេះ។ ការផ្លាស់ប្តូរ​នេះ​នឹងធ្វើ​មិន​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​របស់​ប្រទេស​ចិន​អាច​ចូល​ប្រើ​កម្មវិធី និង​សេវាកម្ម​របស់ Google ក៏ដូចជា​បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន Intel និង Qualcomm នៅពេលដែល​វិធានការ​នេះ​ចូល​ជា​ធរមាន។

លោក​សាស្ត្រាចារ្យ​រូបនេះ​បាន​និយាយថា៖«វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​មាន​ផលប៉ះពាល់​រាប់មិនអស់ រហូតដល់​រាប់​ឆ្នាំ​ទៀត។ វា​នឹងធ្វើ​ប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក ហើយ​មាន​គំរូ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៃ​សង្គ្រាម​សេដ្ឋកិច្ច​នេះ»។

លោក​បាន​ពន្យល់ថា រដ្ឋបាល Trump កំពុង​ធ្វើទុក្ខបុកម្នេញ​ក្រុមហ៊ុន Huawei អាច​នឹង​ធ្វើជា​គំរូ​អាក្រក់​ដល់​ក្រុមហ៊ុន​បរទេស​ដទៃទៀត ដែល​កំពុង​ចាប់ដៃ​ធ្វើ​ជំនួញ​ជាមួយ​អាមេរិក ហើយ​វា​ក៏​ជាស​ញ្ញា​មួយ​រំលឹក​ដល់​ក្រុមហ៊ុន​ដទៃទៀត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន។

លោក​បន្តថា «នេះ​គឺជា​ការគិត​ខុសឆ្គង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​របស់​សហរដ្ឋអាមេរិក​ដែលមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ការគិត​ខុស​នៃ​សង្គ្រាម​ប្រើ​អាវុធ​ដែរ។ លោក Trum កំពុង​បង្រៀន​ដល់​ពិភពលោក​មិន​ឲ្យ​ទុកចិត្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក»។

អ្នកវិភាគ​បានបញ្ជាក់​ថា គ្មាន​អ្នកដឹកនាំ​នយោបាយ​ណា​ម្នាក់​នៅ​ទ្វីបអឺរ៉ុប ឬ​អាមេរិក​ឡាទីន​បានធ្វើ​បែបនេះ “ការវាយប្រហារ​ជា​សាធារណៈ​ទេ (វាយប្រហារ​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ឯង)”៕

ប្រភព៖ RT