ជប៉ុនជួយធ្វើគម្រោងស្ថានីយ៍កុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុតម្លៃជាង ២១ពាន់លានដុល្លារ

ព្រះសីហនុ: គម្រោង​អភិវឌ្ឍ​ស្ថានីយ៍​កុងតឺន័រ​ថ្មី​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន​ផ្ដល់​ហិរ​ញ្ញ​ប្ប​ទាន​រហូតដល់​ប្រមាណ​ជា ២៣ពាន់​លាន​យ៉េន (ជាង២១ពាន់​លាន​ដុល្លារ) ដោយ​រដ្ឋាភិបាល​រំពឹងថា នឹង​ជួយ​ប្រែ​ក្លាយ​កម្ពុជា​ទៅជា​កន្លែង​ប្រមូលផ្តុំ​ទំនិញ​ឆ្លងកាត់​តំបន់​អាស៊ាន ខណៈ​មាន​សមត្ថភាព​គ្រប់គ្រង​ទំនិញ​បាន​ដល់ ៩០ម៉ឺន​កុង​តឺន័រ​ក្នុង​មួយឆ្នាំ។

ការបង្ហាញ​នេះ តាមរយៈ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​វិនិយោគ​នៅ​កម្ពុជា ដែល​រៀប​ចំ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្តីពី​អនាគត​រប​ស់​អាស៊ី និង​ព្រឹត្តិការណ៍​ជាច្រើន​បាន​ចាប់ពី​ថ្ងៃទី២៩ ដល់​ថ្ងៃទី៣១ ខែឧសភា​នេះ។

សិក្ខាសាលា​ស្ដីពី​វិនិយោគ​នៅ​កម្ពុជា រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រ​ទេ​ស​ជប៉ុន (JETRO) និង​ធនាគារ​មី​ហ្ស៊ូ​ហូ​របស់​ប្រទេស​ជប៉ុន ដោយមាន​ការចូលរួម​ពី​វិនិយោគិន​ជប៉ុន​ជាច្រើនរូប។

សិក្ខាសាលា​នេះ នឹង​អាច​ឲ្យ​វិនិយោគិន​ជប៉ុន​បាន​សិក្សា​ស្វែងយល់​ដោយផ្ទាល់​ពី​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច-សង្គម កា​លានុវត្តភាព និង​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ជ្រាប​ពី​ការដាក់ចេញ​វិធានការថ្មីៗរបស់​រាជរដ្ឋាភិបាល​កម្ពុ​ជា​នាពេល​បច្ចុប្បន្ន​សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ។

សម្ដេច ហ៊ុន សែន បាន​ថ្លែងថា ការផ្តល់​ហិរញ្ញប្បទាន​សហ​ប្រតិ​ប​តិ្ត​ការ​លើ​គម្រោង​អភិវឌ្ឍ​ស្ថានីយ៍​កុងតឺន័រ​ថ្មី កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលមាន​ទំហំ​ហិរញ្ញប្បទាន​រហូតដល់​ប្រមាណ​ជា ២៣ពាន់​លាន​យ៉េន នឹង​ជួយ​ប្រែក្លាយ​កម្ពុជា ទៅជា​កន្លែង​ប្រមូលផ្តុំ​ទំនិញ​ឆ្លងកាត់​នៅក្នុង​តំបន់​អាស៊ាន ជាមួយនឹង​ការបង្កើន​សមត្ថភាព​គ្រប់គ្រង​ទំនិញ​បាន​ដល់ ៩០​ម៉ឺន​កុងតឺន័រ​ប្រភេទ ២០ហ្វី​ត (TEUs) ក្នុង​មួយឆ្នាំ ដែលមាន​សមត្ថភាព​បន្ថែម​លើសពី​ពេលបច្ចុប្បន្ន ២ដង។

សម្ដេច​បន្តថា គម្រោង​នេះ នឹង​អាច​ឲ្យ​នាវា​ដឹកទំនិញ​ខ្នាត​ធំ ដែលជា​ចរន្ត​នៃ​ការដឹកជញ្ជូន​ទំនិញ​ក្នុង សមុទ្រ​អន្តរជាតិ​ចូលមក​លើកដាក់​ទំនិញ​ផ្ទាល់​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ដែល​នឹង​ចូលរួមចំណែក​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន​ទំនិញ​អន្ត​រ​ជាតិ​នាពេល​អនាគត។

បន្ថែម​ពីនេះ ការទិញ​ភាគហ៊ុន​ជា​យុទ្ធសាស្ត្រ​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ពី​សំណាក់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) កាន់តែ​បញ្ជាក់​ពី​ជំនឿ​ទុកចិត្ត​របស់​រដ្ឋាភិបាល​ជប៉ុន មកលើ​អនាគត​កំពង់ផែ​ក៏ដូចជា​អ​នា​គ​ត​​ក​ម្ពុជា​ទាំងមូល៕