ប៉ោយប៉ែតនឹងប្រែមុខមាត់ថ្មី ក្រោយពីសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងតភ្ជាប់ផ្លូវជាតិលេខ៥រួចរាល់

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅ​ចុងសប្ដាហ៍នេះ អះអាងថា តំបន់ប៉ោយប៉ែត នឹង​ប្រែ​ក្លាយជាតំបន់អភិវឌ្ឍន៍​យ៉ាងខ្លាំង ដោយមានមជ្ឈមណ្ឌលស្តុក និងចែកចាយ​​ទំនិ​ញ និង​ជាតំបន់សេដ្ឋកិច្ចពិសេសដ៏រឹងមាំ បន្ទាប់ពីសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវ​ជាតិ​លេខ​​៥រួចរាល់ ខណៈទទួលបាន​កម្ចីឥណទានសម្បទានពីរាជរដ្ឋាភិបាលថៃ។

ការលើកឡើងនេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ​នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពលោ​ក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ក្រុម​ហ៊ុនទទួលការសាងសង់ពីប្រ​ទេ​សថៃឈ្មោះ FIN TECHNIC។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា បន្ទាប់ពីគម្រោងសាងសង់អគារ​ច្រកទ្វារព្រំដែនអន្តរ​ជាតិ​​ស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឲ្យ​ដំណើរការតំបន់ប៉ោយប៉ែត នឹង​ប្រែ​ក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ដែលមានមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដោយ​​​បង្កើ​​តជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេស​នៃម​ហាអនុតំបន់ទន្លេមេគង្គ។

លោកបន្តថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) កសាងឡើងក្រោមជំនួយឥត​សំណងពីរាដ្ឋា​ភិបា​លប្រទេសថៃ ក្នុងទឹកប្រាក់ប្រមាណជាង ១៩លានដុល្លារអាមេរិក និងការចូលរួមថវិកាបដិភាគ​ពីថវិកាបដិ​ភា​គ​​សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោកបន្ថែមថា ស្ពាននេះជាស្ពានធំទី១ដែលបានកសាងពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និង​លេខ ៥១ ដោយមានប្រវែង៦២០ម៉ែត្រ ក្នុងនោះនៅផ្នែកទឹកដីកម្ពុជាមានប្រវែង២១៥ ម៉ែត្រ និងផ្នែកទឹកដីនៃ​ប្រ​ទេស​ថៃមានប្រវែង៤០៥ម៉ែត្រ ខណៈទទឹងនៃស្ពាន់នេះទំហំ១៧ម៉ែត្រ។

លោកបញ្ជាក់ថា៖«យើងនឹងប្រើប្រាស់ទឹកប្រាក់ប្រមាណជាង ៨រយលានបាតទៀត សម្រាប់ធ្វើបន្ទប់​ការិយាល័យ​គយ អគាររដ្ឋបាល អគារអន្ដោប្រវេសន៍ បន្ទប់ស្នាក់នៅរបស់មន្រ្តី និងបន្ទប់ប្រជុំជាច្រើនទៀត។ ច្រកទ្វារនេះ នឹង​ទទួល​ទំនិញ​ចេញ-ចូល និទទួលបើកមានមានភ្ញៀវទេសចរណ៍ ហើយនឹងមានការត្រួតពិនិត្យរួមគ្នា គម្រោង​នេះ បែង​ចែកជាអគារផង និងធ្វើផ្លូវខ្លះ និងក្លោងទ្វារច្រកចេញផង»។

​តំណាងក្រុម​ហ៊ុន FIN TECHNIC ដែលអ្នកទទួលការសាងសង់របស់ប្រ​ទេ​សថៃបានលើកឡើងផងដែរថា កាលពីខែមេសាកន្លងទៅនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយ​ករដ្ឋមន្ត្រីថៃ បានអញ្ជើញជាអធិបតីរួចរាល់ហើយ ដោយវាបានប​ង្ហាញពីភាពជោគជ័យរបស់ប្រទេសទាំងពីរ។

លោកបន្តថា ភាគីទាំងពីរ បានធ្វើការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណង​អៀន​) បើក​ការ​ដ្ឋាន​សាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥។«​យើង​ក៏​មាន​ពិធីចុះ​ហត្ថ​លេ​ខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់​-ទទួល​ក្បាល​រថភ្លើ​ង (DMU)ផងដែរ»។

គួររំឭកថា ការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់​ទៅផ្លូវ​ជាតិ​​លេខ​៥វិញ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ ប្រមាណ ២៦,៤២​លានដុល្លារ​អាមេរិក។ ថវិកានេះ នឹងប្រើប្រាស់សម្រាប់សាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់ សំណ​ង់​​អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ» ការជួស​ជុលកែ​លម្អផ្លូ​វ​ចា​ស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់៕