
ភ្នំពេញ៖ ធនាគារអន្តរជាតិ អេប៊ីអេ (ABA Bank) ជាសមាជិកសម្ព័ន្ធធនាគារជាតិកាណាដា នៅថ្ងៃទី ០១មិថុនានេះ ត្រូវបានធនាគារជាតិនៃកម្ពុជាអនុញ្ញាតបើកដំណើរការរៀបចំការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន (មូលបត្របំណុល) នៅលើផ្សារមូលបត្រកម្ពុជា (CSX) ក្នុងទំហំទឹកប្រាក់ប្រមាណ២៥លានដុល្លារអាមេរិក។
តាមគេហទំព័រវែបសាយ (Website) របស់ធនាគារ ABA Bank នៅថ្ងៃទី ០១មិថុនានេះថា ABA ជាសមាជិកនៃធនាគារជាតិនៃកាណាដាបានប្រកាសនៅថ្ងៃនេះថា ធនាគារនេះទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) អាចចាប់ផ្តើមដំណើរការបោះផ្សាយមូលបត្របំណុលនៅលើទីផ្សារមូលធនកម្ពុជាជាស្ថាពរហើយ។
លោក សេង ចាន់ធឿន នាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសាជីវកម្មក្រុមហ៊ុន SBI Royal Securities ដែលជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្ររបស់ ABA បានប្រាប់ថា ABA គ្រោងបោះផ្សាយលក់មូលបត្របំណុលរបស់ខ្លួនមានទំហំទឹកប្រាក់១០០ពាន់លានរៀល ស្មើនឹងប្រមាណ២៥លានដុល្លារអាមេរិក។
លោកបន្តថា ទឹកប្រាក់បានពីការបោះផ្សាយលក់សញ្ញាបណ្ណ នឹងត្រូវយកមកប្រើសម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជាការបង្កើនចំនួនប្រាក់កម្ចីសម្រាប់អាជីវកម្ម ដែលនឹងគាំទ្រដល់អាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជា។
លោក ចាន់ធឿន បន្ថែមថា ការបោះផ្សាយលក់មូលបត្របំណុលរបស់ ABA នេះ គឺខុសពីគ្រឹះស្ថានហិរញ្ញវត្ថុមុនៗ ដោយសារតែមូលបត្របំណុលនេះ នឹងលក់ឲ្យវិនិយោគិននូវទំហំតូចៗដែរ ដើម្បីឲ្យមានចរន្តដំណើរការ ក្នុងទីផ្សារមូលបត្រ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ ABA បានឲ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ទ្រព្យសកម្មរបស់ធនាគារ ABA មានចំនួន ៣.៣៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនក្លាយជាធនាគារធំទី៣នៅក្នុងប្រទេសកម្ពុជា៕