ប្រមុខរដ្ឋាភិបាលកម្ពុជាចេញមុខសន្យាថា ឆ្នាំក្រោយមិនឲ្យមានបញ្ហារអាក់រអួលរឿងអគ្គិសនីទៀតទេ

ភ្នំពេញ: ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្ដេច ហ៊ុន សែន នៅ​ថ្ងៃទី ០៣មិថុនា​នេះ​បាន​បញ្ជាក់ថា ឆ្នាំក្រោយ​មិនមាន​រឿង​ច្រំ​ដែល កើតឡើង​អំពី​ស្ថានភាព​កង្វះ​អគ្គិសនី​ប្រើប្រាស់​ទៀត​ទេ ដោយ​រដ្ឋាភិបាល​កំពុង​ដាក់ចេញ​វិធានការ​ជាច្រើន​ជុំវិញ​បញ្ហា​ប្រភព​អគ្គិសនី​រួមមាន គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ហ្គាស ការវិនិយោគ​លើ​ម៉ាស៊ីនភ្លើង​ដោយ​ប្រើ​ប្រេង​ខ្មៅ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ផងដែរ។

ការ​ថ្លែង​នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចំនួន ៣១៦១នាក់ នៅ​ថ្ងៃទី​០៣​មិថុ​នា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​សម្តេច ហ៊ុន សែន បាន​ថ្លែងថា៖ ឥឡូវនេះ​រដូវប្រាំង​បានបញ្ចប់ រដូវវស្សា​បាន​ចូល​មកដល់​ប្រមាណ២សប្តាហ៍​ហើយ កម្ពុជា​បាន​រួចផុត​កង្វល់​អំពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ដែល​មុននេះ​មានការ​កង្វល់​ខ្លាំង​ណាស់ ប៉ុន្តែ​ត្រូវបាន​ដោះស្រាយ​បញ្ហា ដោយ​ទីកន្លែង​ខ្លះ​ខ្វះ​ទឹក មាន​មន្ត្រី​រាជរដ្ឋាភិបាល សប្បុរសជន និង​អង្គកា​រ​ក្រៅ​រដ្ឋា​ភិបាល បាន​ជួយ​យក​ទឹក​ទៅ​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ និង​ជីក​បន្ថែម​អណ្តូងទឹក។ ដូច្នេះ​បញ្ហា​ការខ្វះខាត​ទឹក​ត្រូវបាន​បញ្ច​ប់ ក្នុងពេល​រដូវវស្សា​ចូលមក​ដល់។

សម្ដេច​បានចាត់ទុក​ការខ្វះ​ខាត់​អគ្គិសនី​ក្នុងឆ្នាំនេះ ក្លាយជា​បទពិសោធន៍ និង​ផ្តល់​ជា​មេរៀន​យ៉ាងច្រើន​សម្រាប់​រាជ​រដ្ឋា​ភិ​បា​ល​កម្ពុជា ប៉ុន្តែ​ឆ្លងកាត់​មេរៀន​ទាំងនេះ សម្តេច​បញ្ជាក់ថា នឹង​គ្មាន​បញ្ហា​ច្រំ​ដែល​កើតឡើង​នៅ​ឆ្នាំក្រោយ​ទេ។

សម្ដេច​ថា៖«បទពិសោធន៍​ឆ្នាំនេះ ផ្ដល់​មេរៀន​ឲ្យ​យើង ដូច្នេះហើយ​បានជា​ការរៀបចំ​សម្រាប់​ឆ្នាំក្រោយ គឺ​បានរៀបចំ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មាន​អានុភាព​ចំនួន ៣៧០មេ​ហ្គា​វ៉ា​ត់ បាន​ដំណើរការ​រួចរាល់ហើយៗនៅសល់​រោង​ចត្រ​មួយទៀត មាន​អានុភាព​ចំនួន ១៣៥មេ​ហ្គា​វ៉ា​ត់ ដែល​កំពុង​ខិតខំ​ដាក់​ឲ្យ​ដំណើរការ»។

គួរ​បញ្ជាក់ថា ទីក្រុង​ភ្នំពេញ​បាន​ត្រៀម​អគ្គិសនី​ចំនួន ៤០០មេ​ហ្គា​វ៉ា​ត់ ដែល​បានអនុម័ត​ថវិកា​រួចហើយ ដើម្បី​ចាប់ផ្ដើម​បញ្ជា​ទិញ​ម៉ាស៊ីន ដោយ​រៀបចំ​ឲ្យ​ហើយ​នៅ​ខែតុលា​ខាងមុខ ដែល​ក្នុងនោះ ២០០មេ​ហ្គា​វ៉ា​ត់ ទិញ​ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង ២០០មេ​ហ្គា​វ៉ា​ត់ ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ដោយ​យកមក​ដំឡើង​ត្រៀម​ទុក​នៅពេល​វា​រី​អគ្គិសនី​បញ្ចេញ​ភ្លើង​មិន​គ្រប់​។ ដូច្នេះ​ឆ្នាំក្រោយ​ទីក្រុង​ភ្នំពេញ​នឹង​គ្មាន​ការខ្វះ​អគ្គិសនី​ទៀត​ទេ៕