ចាប់ពីឆ្នាំ១៩៩២ដល់២០១៨ ជប៉ុនផ្តល់ហិរញ្ញប្បទានជាង ២,៨ពាន់លានដុល្លារដល់កម្ពុជា

ភ្នំពេញ: ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៨ ជប៉ុនបាន​ផ្តល់​ហិ​រញ្ញ​ប្ប​ទានសហប្រតិបតិ្តការផ្លូវការយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ២,៨ពាន់លានដុល្លារអាមេរិក ស្មើនឹង​ប្រមាណ ១៥ភាគរយនៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គ​ម​​កម្ពុ​ជា​។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និ​ងលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នឹងធ្វើជាសាក្សីនៃពិធី​ចុះហត្ថលេខា​លើលិ​ខិត​ប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងផ្តល់អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងទំហំទឹក​ប្រាក់ ៣៣៩លានយ៉េន និងគម្រោងសង់ឃ្លាំងកុងតឺន័រ​នៅតំបន់សេដ្ឋកិច្ច​ពិសេសកំពង់​ផែស្វយ័តក្រុ​ង​ព្រះសីហនុ ក្នុងទំហំទឹកប្រាក់២០០លានយ៉េន កាលពីពេលថ្មីៗនេះ។

 

សម្ដេចបានគូសបញ្ជាក់ថា ជប៉ុន បាននិងកំពុងគាំទ្រលើគម្រោងហេដ្ឋារច​នាសម្ព័ន្ធសំខា​ន់​ៗ​ដូច​ជា ការកសាងស្ពាន​គីហ្សូណា, ស្ពាន​ត្សឺបាសា, ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ​៥, ការ​អភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងការធ្វើឱ្យប្រសើរឡើង​នូវការការ​ពារទឹក​ជំន​ន់​​រា​ជ​ធានីភ្នំពេញជំហា​ន​ទី​៤​។

ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥ បាន និង នឹងធ្វើឱ្យផ្លូវ​ទាំ​ងនេះក្លាយជាផ្លូវយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់នៃរបៀង​សេដ្ឋកិច្ចភាគខាង​ត្បូងតភ្ជាប់ប៉ូល​សេដ្ឋកិច្ចធំពីរ​នៃ​ម​ហា​អនុតំបន់មេគង្គ គឺរវាង​ទីក្រុង​ហូជីមិញ និងទីក្រុងបាងកក។

សម្តេចបន្ថែមថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវការដឹងគុណ និងការ​វាយ​តម្លៃខ្ពស់ជាថ្មីម្តងទៀតចំពោះ​រដ្ឋា​ភិ​បា​ល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ដំណើរ​ស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និង​ការ​អភិ​វឌ្ឍ​ធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា៕