ទឹកប្រាក់ជិត ២.៥លានដុល្លារ ត្រូវបានក្រសួងទេសចរណ៍ចំណាយសាងសង់អគារទីស្ដីការថ្មីកម្ពស់៧ជាន់

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែមិថុនានេះ បានប្រារព្ធពិធីក្រុងពាលី​បញ្ចុះបឋម​សិលាសាង​សង់​អគា​រ​ទី​ស្ដី​ការក្រសួងថ្មី ដើម្បីបំពេញតម្រូវការការងារក្នុងវិស័យទេសចរណ៍ដែលមានការកើនឡើង។

ពិធីក្រុងពាលីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក​ស្រី ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។

លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឲ្យដឹងថា អគារថ្មីនេះមានកម្ពស់ ៧ជាន់ ដោយចំណាយថវិកាសាងសង់ប្រមាណជិត ២.៥លានដុល្លារអាមេរិក។ ការសាងសង់នេះទៀតសោត គឺត្រូវចំណាយពេលប្រមា​ណ ១៨ខែ ឬ ១ឆ្នាំកន្លះ។

លោកបន្តថា អគារថ្មីនេះមានទាំងបន្ទប់ការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាន និងបន្ទប់ការងារមួយចំនួនទៀត​។

លោក ជា បូរ៉ា បានបន្ថែមថា វិស័យទេសចរណ៍កម្ពុជាកាន់តែមានការរីកចម្រើន កំណើនការងារក្នុងវិស័យទេស​ចរណ៍​ក៏កាន់តែរីកធំឡើង ដែលទាមទារឲ្យមានការបន្ថែមអគារថ្មីនេះ សម្រាប់សម្រួលដល់ការបំពេញការងាររបស់​មន្ត្រី​​រាជ​ការ​ផង​ដែរ​៕