
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន នៅថ្ងៃទី ០៨មិថុនានេះ គ្រោងស្នើដាក់នំបញ្ចុកខ្មែរធ្វើជាម្ហូបដំណាងជាតិសុំចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌអរូបិយពិភពលោក ក្រោយពិធីពិសានំបញ្ចុកសន្តិភាព សាមគ្គីភាព ឯកភាពជាតិនៅទូទាំងប្រទេស។
លោក ថោង ខុន បានបង្ហាញឆន្ទៈយ៉ាងមុតមាំថា លោកនឹងពិភាក្សាជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើដាក់នាំបញ្ចុកម្ហូបដំណាងអត្តសញ្ញាណជាតិខ្មែរ និងពិចារណារៀបចំស្នើសុំទៅអង្គការយូណេស្កូសុំដាក់បញ្ចូល «នំបញ្ចុកខ្មែរ» ជាសម្បត្តិបេតិកភណ្អរូបិយពិភពលោក ក្រោយព្រឹត្តិការណ៍ពិសារនំបញ្ចុកសន្តិភាព សាមគ្គិភាព ឯកភាពជាតិនៅទូទាំងប្រទេស។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារថ្នាក់ជាតិស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៨ ខែមិថុនា ដើម្បីត្រៀមរៀបចំពិធីពិសានំបញ្ចុកសន្តិភាព សាមគ្គី ឯកភាពជាតិ ជាមួយប្រជាពលរដ្ឋទាំងពីរស្រុកខាងលើ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោករដ្ឋមន្រ្តីជឿជាក់ថា នំបញ្ចុកខ្មែរនេះ ប្រាកដជាមានប្រជាពលរដ្ឋនៅទូទាំងប្រទេសបានស្គាល់ និងបានបរិភោគគ្រប់គ្នា ហើយមិនចាញ់នំបរទេសផ្សេងឡើយ។ លោកបានបញ្ជាក់ថា កើតក្នុងត្រកូលគ្រួសារក្រីក្រម្នាក់ លោកបាន ចេះធ្វើនំបញ្ចុកច្បាស់លាស់តាំងពីកុមារភាពជាមួយនឹងគ្រួសារដ៏កំសត់របស់លោក។
លោករដ្ឋមន្ត្រីថា នៅក្នុងពិពណ៍ម្ហូបអាហារ Gastronomy ដែលក្រសួងទេសចរណ៍ប្រុងរៀបចំក្នុងខែកញ្២០១៩ ខាងមុខ នំបញ្ចុក និងម្ហូបអាហារខ្មែរមួយចំនួនទៀតដូចជា សម្លរម្ជូរគ្រឿង អាម៉ុក បង្អែមគ្រាប់ត្នោត ក៏នឹងត្រូវបានត្រៀមរៀបចំជាដំណាងឲ្យម្ហូបអាហារខ្មែរ ដើម្បីទាក់ទាញទេសចរ៕