កម្ពុជានឹងមានរោងចក្រផលិតអគ្គិសនីដើរដោយប្រេងខ្មៅ និងឧស្ម័នអានុភាព ៤០០មេហ្គាវ៉ាត់

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​ចំនួន២ផ្សេងទៀត ចាប់ដៃគ្នា​តំឡើង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ និង​ឧស្ម័ន ដែលមាន​អនុភាព ៤០០មេ​ហ្គា​វ៉ា​ត់ នៅពេលឆាប់ៗខាងមុខនេះ ខណៈ​គ្រោង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ២០២០ ស្ថិតនៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល ដើម្បី​បិទ​បញ្ចប់​ស្ថានភាព​ដាច់​ភ្លើង​នៅ​រដូវប្រាំងឆ្នាំក្រោយៗទៀត។

ការបង្ហាញ​គម្រោង​នេះ បន្ទាប់ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ការសាងសង់ ជាមួយ​ក្រុមហ៊ុន CGGC-UN Power.co.ltd និង​ក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់។ រោងចក្រ​នេះ ត្រូវបាន​ប្រើប្រាស់​ម៉ាស៊ីន វ៉ា​ត់​ស៊ី​ឡា​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ម៉ាស៊ីន​ម៉ែន របស់​ប្រទេស​អាឡឺម៉ង់ ដែល​នឹងត្រូវ​សាងសង់​ស្ថិតក្នុង​ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល។

គម្រោង​នេះ ចែកចេញជា២ផ្នែក៖ ទី១ រោងចក្រ​ផលិត​អគ្គិសនី ២០០មេ​ហ្គា​វ៉ា​ត់ ប្រើប្រាស់​ម៉ាស៊ីន Wartsila របស់​ប្រទេស​ហ្វាំ​ង​ឡង់ សាងសង់​ដោយ​ក្រុមហ៊ុន CGGC-UN Power.co.ltd និង​ផ្នែក​ទី២ រោងចក្រ​ផលិត​អគ្គិសនី ២០០​មេ​ហ្គា​វ៉ា​ត់ ប្រើប្រាស់​ម៉ាស៊ីន MAN របស់​ប្រទេស​អាល្លឺម៉ង់ សាងសង់​ដោយ​ក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់ថា ដើម្បី​បង្ការ​ឆ្នាំ​ក្រោយនេះ និង​ឆ្នាំ​ខាងមុខ​ទៀត រោងចក្រ​ផ​លិ​ត​​អគ្គិសនី​អានុភាព ៤០០មេ​ហ្គា​វ៉ា​ត់​នេះ ជា​ចំណែក​មួយ​នៃ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ប្រមូល​ឲ្យ​បាន​ជា​ង ១,០០០មេ​ហ្គា​វ៉ា​ត់​ថែម សម្រាប់​មុន​ដាច់​ឆ្នាំ២០២០ខាងមុខនេះ។

លោក​បន្តថា វា​នឹង​បំពេញ​ការខ្វះខាត​ថាមពល​បន្ថែម ព្រមទាំង​ជួយ​គាំទ្រ​ដល់​ការដាក់​ពង្រាយ ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ថ្មី​ក្នុងប្រទេស និង​ជួយ​ពង្រឹងគុណភាព​ថាមពល​ផ្គត់ផ្គង់ ចូល​រាជធានី​ភ្នំពេញ តា​ម​រយៈ​​ការ​លើក​កំពស់​តុង​ស្យុ​ង​បាន​ប្រសើរ។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា គម្រោង​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​នេះ ចំណាយ​ថវិកា​សរុប​ចំ​នួន ៣៨០លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ថវិកា​សាងសង់​រោងចក្រ​ផលិត អគ្គិសនី​ទាំងពីរ ប្រមាណ ៣៥៥លាន​ដុល្លារ​អាមេរិក និង​ថវិកា​សាងសង់​អនុ​ស្ថានីយ​អគ្គិសនី​រួម សម្រាប់​រោងចក្រ​ផលិត​អគ្គិសនី​ទាំងពីរ ព្រមទាំង​ហេ​ដ្ឋារ​ច​នា​ស​ម្ព័​ន្ធផ្សេងៗ ប្រមាណ២៥លាន​ដុល្លារ​អាមេរិក៕