រោងចក្រកែច្នៃកៅស៊ូរបស់ក្រុមហ៊ុនទ្រី ភាពសាងសង់បាន៧០% និងប្រកាសបើកចុងឆ្នាំនេះ

ភ្នំពេញ: រោងចក្រ​កែច្នៃ​កៅស៊ូ​របស់​ក្រុមហ៊ុន ទ្រី ភាព គ្រុប (Try Pheap Group Co.,Ltd) បាននិងកំពុង​សាងសង់​បាន​ប្រមាណ ៧០ភាគរយ​ហើយ នៅលើ​ផ្ទៃដី​ជិត ២០ហិកតា ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់ ព្រមទាំង​បើក​ស​ម្ពោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​កែច្នៃ​ជ័រកៅស៊ូ​ដែល​ក្រុមហ៊ុន​បាន​ប្រមូល នៅ​ចុងឆ្នាំ២០១៩នេះ។

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន Try Pheap Group Co.,Ltd បាន​បង្ហាញថា ក្រុមហ៊ុន​បាន​ដាំ​ដុះ​កៅស៊ូ​រួច​រា​ល់​​លើ​ផ្ទៃដី​ចំនួន៤២០០ហិតា ក្នុងនោះ​ផ្ទៃដី​កៅស៊ូ​ដែល​កំពុង​ប្រមូល​ផល​ចំនួន ១.០៤២ ហិកតា ហើយ​នៅ​ពេ​ល​ថ្មី​ៗ​នេះ ក្រុមការងារ​បានចាប់ផ្តើម​ដាំ​បន្ថែមចំនួន ៥០០ហិកតា​សម្រាប់​ឆ្នាំ២០១។ ដោយឡែក​នៅ​ឆ្នាំ២០២០ខាងមុខនេះ ក្រុម​ហ៊ុន​នឹង​បញ្ចប់​ការដាំដុះ​ឲ្យ​គ្រប់​ទៅតាម​ចំនួន​ផ្ទៃដី​ដែល​ទទួលបាន​ពី​រាជរដ្ឋាភិបាល។

គេហទំព័រ​បន្ដថា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ រោងចក្រ​កែច្នៃ​កៅស៊ូ​ដែល​កំពុង​សាងសង់​បាន​ប្រមាណ ៧០ ភាគរយ​លើ​ផ្ទៃដី​ជិត ២០ហិកតា នឹង​បញ្ចប់​ការ​ការសាងសង់ ព្រមទាំង​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​ការកែច្នៃ​ជ័រកៅស៊ូ​ដែល​ក្រុមហ៊ុន​បាន​ប្រមូល​ពី​ការ​ជៀរ​ជ័រ​លើ​ផ្ទៃដី​របស់​ក្រុមហ៊ុន នៅ​ចុងឆ្នាំ២០១៩ នេះហើយ។

ជាមួយគ្នានេះដែរ នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោក ឃៀង សុ​ជី​វ័​ន្ត អគ្គនាយករង នាយ​គ្រប់គ្រង​ទីស្នាក់ការ​កណ្តាល លោក ហាន់ ស៊ី​ណាត អគ្គនាយករង ទទួលបន្ទុក​កសិឧស្សាហកម្ម និង​អធិការកិច្ច តំណាង​ដ៍​ខ្ពង់ខ្ពស់ លោក​ អគ្គ​នាយក និង​លោក ហេង សំណាង នាយក​គ្រប់គ្រង​ក្រុមហ៊ុនចំការកៅស៊ូ ទ្រី ភាព បឹង​ទន្លេ​ម្រេច បាន​ចូលរួម​ពិធី​ដាំ​កូន​​កៅស៊ូ​សម្រាប់​ឆ្នាំ២០១៩ លើ​ផ្ទៃដី ៥០០ហិកតា និង​ពិនិត្យមើល​ដំណើរការ​សាងសង់​រោង​ចក្រ​កែច្នៃ​ជ័រកៅស៊ូ។

ទន្ទឹមនឹងនោះ ផលប៉ះពាល់​ដែល​បណ្តាលមកពី​បាតុភូតធម្មជាតិ ដូចជា​ខ្យល់ក​ន្ទ្រា​ក់ បាន​បំផ្លាញ​ដំណាំ​កៅស៊ូ​អស់​ជា​ច្រើន​​ហិកតា ដោយមាន​ខ្លះ​រលំ​ទាំង​ដើម ខ្លះ​បាក់​ពាក់កណ្តាល ខ្លះ​បាក់មែក​និង​ទ្រេត​ជាដើម៕