
ខេត្តកំពត: លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា លោកឈប់ទទួលយកផ្លូវដែលធ្វើជាប់រហូតឥតឈប់ឈរទៀតហើយ ប៉ុន្ដែសុំទទួលយកផ្លូវដែលធ្វើជាប់បានយូ រឹងមាំវិញ បន្ទាប់ពីលោកបានចុះពិនិត្យឃើញការធ្វើកំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពតទៅរង្វង់មូលវាលរេញ មិនទាន់មានគុណភាពល្អប្រសើរនៅឡើយ។
ការថ្លែងនេះ ក្នុងអំឡុងពេលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជាន់ខ្ពស់ក្រសួងចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ ដែលកំពុងជួសជុលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៤មិថុនានេះ។
លោក ស៊ុន ចាន់ថុល បានដាក់កំហិតឲ្យក្រុមហ៊ុនពិនិត្យ និងកែតម្រូវឡើងវិញឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងសម្រាប់បម្រើដល់ភាពងាយស្រួល ក្នុងជីវភាពរស់នៅ និងការធ្វើដំណើរទៅមកព្រមទាំងប្រកបអាជីកម្មផ្សេងៗផងដែរ។
លោកបានសង្កត់ធ្ងន់ថា៖«ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលជំហរយើង «ឈប់ទទួលយកផ្លូវដែលធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើរឹងមាំវិញ»។
លោកបន្តថា កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមជួសជុល និងសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ អនុវត្តគម្រោងមានរយៈពេល១៨ ខែ និងថែទាំប្រចាំរយៈពេល៣៦ខែទៀត។ បច្ចុប្បន្នគម្រោងផ្លូវនេះអនុវត្តការជួសជុល និងសាងសង់សម្រេចបាន ៦៧,៥០%ហើយ និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
លោកបន្ថែមថា ការចុះត្រួតពិនិត្យនេះ លោករកឃើញថា ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិនទាន់ស្របតាមលក្ខណៈបច្ចេកទេស ដោយត្រង់ចំណុចដែលបានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ដែលត្រូវចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា។
លោក លី សេងហន ប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរតាមផ្លូវជាតិលេខ៣ទៅខេត្តកំពតបានលើកឡើងថា លោកបានសង្កេតឃើញផ្លូវម្ដុំនោះ មានការជួសជុលរហូតគ្មានពេលទំនេរ ធ្វើខាងមុខ ខូចខាងក្រោយ ដោយមានជង្ហុក និងសំបុកមាន់រាប់គីឡូម៉ែត្រ ហើយប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ តែងតែរអ៊ូរទាំស្ទើគ្រប់គ្នា។
លោកបន្តថា លោកគាំទ្រចំណាត់ការរបស់លោក ស៊ុន ចាន់ថុល ដែលប្រមានក្រុមហ៊ុនទាំងនេះ ពីបច្ចេកទេសធ្វើផ្លូវ។«អ្នកជិះតាមផ្លូវហ្នឹង ច្បាស់ជាយល់អារម្មណ៍មួយហ្នឹងហើយ រលាក់ចង់ជ្រុះថ្លើមអស់ហើយបង ខ្ញុំមិនដឹងក្រុមហ៊ុនហ្នឹង គាត់បានបច្ចេកទេសអ្វីពីណាទេ ធ្វើខាងមុខ ខូចខាងក្រោយ បានឯកឧត្តម ស៊ុន ចាន់ថុល ប្រមានចឹងខ្លះទៅ ខ្ញុំគាំទ្រ»។
តំណាងក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation., Ltd នៅថ្ងៃទី ១៥មិថុនានេះ មិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
កំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ (ចំណុចប្រសព្វផ្លូវជាតិលេខ៤ និងលេខ៣) មានប្រវែងសរុប ៥៤,៣០ គីឡូម៉ែត្រ ស្ថិតក្រោមគម្រោងជួសជុល និងសាងសង់ឡើងវិញជាប្រភេទផ្លូវបេតុង កៅស៊ូ (AC) ចំណាយថវិកាប្រមាណ ១២,០៦១លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានធនាគារពិភពលោក (World Bank) ដែលទទួលម៉ៅការជួសជុលដោយក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation., Ltd៕