
អន្តរជាតិ៖ ប្រទេសវៀតណាមទទួលបានជ័យជម្នះធំបំផុត ដោយសារការផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់ផ្នែកពាណិជ្ជកម្ម ដែលបណ្តាលមកពីសង្រ្គាមពាណិជ្ជកម្មជិតមួយឆ្នាំមកហើយរវាងចិន និងអាមេរិក។ នេះបើតាមរបាយការណ៍របស់ធនាគារវិនិយោគ Nomura របស់ជប៉ុន។
របាយការណ៍បែបវិភាគរបស់ធនាគារវិនិយោគ Nomura ជប៉ុនបានឲ្យដឹងថា សេដ្ឋកិច្ចនៃប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានជំរុញឲ្យស្រុតចុះស្ទើរតែ ៨ភាគរយ ដោយសារការផ្លាស់ប្តូរផលិតកម្មដែលជាលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ប៉ុន្ដែសម្រាប់ប្រទេសវៀតណាមបែបជាចំណេញកប់ក្លោងទៅវិញ។
របាយការណ៍បន្តថា ទំនិញភាគច្រើនរបស់វៀតណាមបានមកពីការនាំចូលបន្ថែមពីសហរដ្ឋអាមេរិក ខណៈអាមេរិកតំឡើងពន្ធលើទំនិញរបស់ប្រទេសចិនដូចជា ឧបករណ៍អេឡិចត្រូនិក ទូរស័ព្ទ គ្រឿងសង្ហារឹម គ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូចនិកផ្សេងៗទៀត។ ចំណែកវៀតណាម នាំចេញទៅវិញរួមមាន បន្ទះឈើ កប្បាស និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀតទៅឲ្យសហរដ្ឋអាមេរិក និងចិន។
លើសពីនេះ ប្រទេសសហរដ្ឋអាមេរិក និងចិន បានធ្វើការបង្វែរការនាំចូលទំនិញរៀងៗខ្លួនវិញ ខណៈសហរដ្ឋអាមេរិកបែបជា អនុគ្រោះពន្ធដល់តៃវ៉ាន់ វៀតណាម និងកូរ៉េខាងត្បូងដូចជា គ្រឿងអេឡិចត្រូនិច និងផលិតផលផ្សេងៗតៀត។ សម្រាប់ប្រទេសចិនបានស្វែងរកអ្នកផ្គត់ផ្គង់ទំនិញកសិកម្មថ្មីៗដូចជា សណ្តែកសៀង និងទំនិញសំខាន់ៗដូចជា ទង់ដែង ឈើ ទៅឲ្យម៉ាឡេស៊ី និងអាហ្សង់ទីនផងដែរ។
ទោះជាយ៉ាងណា Nomura ចង់បញ្ជាក់ថា ភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ចដែលបណ្តាលមកពីសង្រ្គាមពាណិជ្ជកម្មរួមជាមួយការថយចុះនៃតម្រូវការសកលបានធ្វើឲ្យមានផលប្រយោជន៍ជាទូទៅចំពោះសេដ្ឋកិច្ចប្រទេសទី៣ដូចជាវៀតណាមនេះជាដើម។
លើសពីនេះ ពន្ធគយលើភាគីទាំងពីរមានន័យថា ក្រុមហ៊ុនដែលស្ថិតនៅកណ្តាលខ្សែចង្វាក់ផ្គត់ផ្គង់សកលកំពុងតែបាត់បង់ បើទោះបីក្រុមហ៊ុនផ្សេងទៀតកំពុងជួយជ្រុំជ្រែងបន្ថែមក៏ដោយ។
របាយការណ៍នេះបានធ្វើសេចក្តីសន្និដ្ឋានថា ពន្ធលើកំរិតខ្ពស់របស់សហរដ្ឋអាមេរិកមិនត្រឹមតែដាក់ពិន័យទៅលើអ្នកផ្គត់ផ្គង់ផលិតផលប៉ុណ្ណោះទេ ថែមទាំងធ្វើបាបប្រទេសតូចៗនៅក្នុងតំបន់អាស៊ីដែលដើរតាមរយៈខ្សែសង្វាក់ផលិតកម្មរបស់ចិនអាចនឹងងាយរងគ្រោះ៕