រដ្ឋសភាជាតិយល់ព្រមឲ្យបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ

ភ្នំពេញ: រដ្ឋសភាជាតិកម្ពុជា នៅថ្ងៃទី ១៧មិថុនានេះ បានអនុម័តយល់ព្រមឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅជាធរមាន ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈការប្រើប្រាស់ឫស្សី ផ្តៅ ការអភិរក្ស និងការកែច្នៃឫស្សី និងផ្តៅប្រកបដោយចីរភាព និងនិរន្តរភាព។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី “ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ” នៅវិមានរដ្ឋសភា។ ក្នុងនោះ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅនាពេលនេះ។

លោក វេង សាខុន បានជម្រាបជូនអង្គប្រជុំពីប្រវត្តិសង្ខេប និងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះថា ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ មានគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រជាសហគមន៍ ដោយធ្វើការកែប្រែទម្លាប់ និងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋពីការប្រើប្រាស់ឈើមកប្រើប្រាស់ឫស្សី និងផ្តៅវិញតាម រយៈការអភិវឌ្ឍផលិតកម្ម ការអភិរក្ស និងការកែច្នៃឫស្សី និងផ្តៅ តាមគោលការណ៍អភិវឌ្ឍឫស្សី និងផ្តៅប្រកបដោយចីរភាព និងនិរន្តរភាព។

លោកបន្តថា សេចក្តីព្រាងច្បាប់នេះមាន ២២មាត្រ ដែលគ្របដណ្តប់ដោយខ្លឹមសារពិស្តារអំពី ទី១ ប្រវត្តិនៃអង្គការបណ្តាញអន្តរជាតិឫស្សី និងផ្តៅ ទី២. គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ទី៣. លក្ខន្តិកនៃការចូលជាសមាជិក ទី៤. ការត្រៀមលក្ខណ:គ្រប់គ្រាន់មុនចូលជាសមាជិក និងទី៥. អត្ថប្រយោជន៍នៃការចូលជាសមាជិក។ សេចក្តីព្រៀងច្បាប់នេះ បានដាក់ឆ្លងពេញអង្គគណរដ្ឋមន្ត្រីកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ បានដាក់ឆ្លងក្នុងកិច្ចប្រជុំពិភាក្សា ជាមួយគណ:កម្មការទី០៣ និងទី០៥ នៃរដ្ឋសភា កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។

លោកបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានកិច្ចសហប្រតិបត្តិការអន្តរជាតិមួយ ក្នុងការពង្រឹងសមត្ថភាពការពារ និងអភិវឌ្ឍធនធានឫស្សី និងផ្តៅប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងភាតរបរិស្ថានបៃតង រួមទាំងការអភិរក្សជីវៈចម្រុះនិងមរតកវប្បធម៌ជាតិ។
បន្ទាប់ពីបានពិភាក្សាលើសេចក្តីព្រាងច្បាប់នេះរួចមក កិច្ចប្រជុំរដ្ឋសភា នីតិកាលទី៦ សម័យប្រជុំលើកទី០២ បានសម្រេចអនុម័តជាស្ថាពរលើសេចក្តីព្រាងច្បាប់ស្តីពី “ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ” ដោយទទួលបានសម្លេងគាំទ្រ ១០៧ លើ ១០៨ផងដែរ៕