
ខេត្តត្បូងឃ្មុំ: ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាលោក Eldeen Husaini BIN MOHD HASHIM នៅចុងសប្ដាហ៍នេះ បានអះអាងថា ខ្លួនចាប់អារម្មណ៍ការវិនិយោគលើដំណាំកសិកម្ម ការនាំចេញអង្ករ និងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់លំនៅដ្ឋានមានម្លៃសមរម្យ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែច្រើនថែមទៀត។
ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយលោកឯកអគ្គរាជទូតថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កំពុងប្រកបធុរកិច្ចនៅកម្ពុជា និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ក្នុងនោះមានក្រុមហ៊ុនម៉ាឡេស៊ីមួយចំនួនទៀត បាននិងកំពុងសម្លឹងឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។
លោកបន្តថា ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការវិនិយោគលើការនាំអង្ករចេញ ការដាំដុះដំណាំកសិកម្ម និងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់លំនៅដ្ឋានមានម្លៃសមរម្យ ដែលជាគម្រោងកសាងផ្ទះស្នាក់នៅធ្វើសម្រាប់ប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ និងប្រជាពលរដ្ឋក្រីក្រអាចមានលទ្ធភាពទិញស្នាក់នៅ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា លោកស្វាគមន៍ចំពោះការវិនិយោគនៅលើទឹកដីខេត្តត្បូងឃ្មុំ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៊ី ពិសេសលើការសាងសង់ផ្ទះស្នាក់នៅដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ក្នុងខេត្តនេះ។
លោកអភិបាលខេត្ត ក៏បានជំរុញឲ្យភាគីម៉ាឡេស៊ី បង្កើនទំនាក់ទំនងល្អទៅលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ពិសេសជាមួយខេត្តត្បូងឃ្មុំ។ លោកបានបង្ហាញពីស្ថានភាពភូមិសាស្ត្រដ៏ល្អដែលមានលក្ខណៈអំណោយផលល្អ ហើយមានសក្តានុពលលើវិស័យនានា ពិសេសលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលមានដំណាំស្រូវ កៅស៊ូ និងម្រេច៕