ធនាគារវិនិយោគអឺរ៉ុបផ្ដល់ឥណទាន៦០លានដុល្លារ សម្រាប់គម្រោងសាងសង់រោចក្រផលិតទឹកស្អាតបាក់ខែង

ភ្នំពេញ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអ្នកតំណាងឲ្យ​រាជរដ្ឋាភិបាលកម្ពុជាលោក ហែម វណ្ណឌី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានទឹកប្រាក់ចំនួន ៦០លានដុល្លារអាមេរិក ជាមួយ​តំ​ណាង​ធនា​គារវិនិ​យោគអឺរ៉ុប (EIB) សម្រាប់ការអនុវត្តគម្រោងសាងសង់រោចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង។

សេចក្តីប្រកាសប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសារព័ត៌មាន The Plus News ទទួល​បាននៅថ្ងៃទី២១មិថុនានេះបានឲ្យដឹងថា គម្រោងនេះមានរយៈពេលអនុវត្តចំនួន ៤ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ​២០២២ និងមានគោលដៅបង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុង​បរិមា​ណ ១៩៥,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០២២ បន្ថែមលើសមត្ថភាពផលិត ដែលមានស្រាប់បច្ចុប្បន្ន ៥៦០,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។

គម្រោងនេះមានទឹកប្រាក់សរុបចំនួន ២៤៧ លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទាន​ពីទីភ្នាក់​ងារបារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ចំនួន៨៥លានដុល្លារអាមេរិក, ឥណទានសម្បទានសរុបពី EIB ចំនួន១០០លាន​ដុ​ល្លា​រអាមេរិក ហិរញ្ញប្បទានឥតសំណងពីសហគមន៍អឺរ៉ុប (EU/Asian Investment Facility) ចំនួន១៥លាន​ដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៤៧លានដុល្លារអាមេរិក។

​លោក ហែម វណ្ណឌី ​បានថ្លែងអរគុណ និងវាយតម្លៃខ្ពស់ចំពោះ EIB ដែលបានរួមចំណែក​ផ្តល់ហិរញ្ញប្ប​ទាន​គាំទ្រ​គម្រោង​នេះ ក៏ដូចជា កំពុងបន្តគាំទ្រដល់កិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង​គម្រោង​ពង្រីកការផ្ត​ល់​ហិរ​ញ្ញប្បទាន សហប្រតិបត្តិការដល់វិស័យផ្សេងទៀត ដែលបម្រើដល់អាទិភាព នៃការអភិវឌ្ឍរបស់​រាជរដ្ឋាភិ​បាល​កម្ពុជា៕