
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចយល់ព្រឹមតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន ២ ដើម្បីបង្កើតជារោងចក្រកាត់ដេរ និងរោងចក្រកាត់ដេរស្រោមពូក ជាមួយនឹងទំហំទឹកប្រាក់ជាង ៧ លានដុល្លារ។
ដោយក្រុមហ៊ុនទី ១ មានឈ្មោះថា “ALCLAMORE HOMETEXTILE CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរស្រោមពូក ស្រោមខ្នើយ ភួយ កំរាលពូក និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២០៥K ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៨កន្លែង។
ដោយឡែកក្រុមហ៊ុនមួយទៀតមានឈ្មោះថា “XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨២១កន្លែង៕