គម្រោងធ្វើផ្លូវជាតិលេខ២ និងលេខ២២ គ្រោងបើកការដ្ឋានចុងឆ្នាំនេះ ក្រោយពីកូរ៉េផ្ដល់ប្រាក់កម្ចីជាង៥៦លានដុល្លារ

ភ្នំពេញ: ​គម្រោងផ្លូវជាតិ​លេខ២ និង​លេខ២២ គ្រោងនឹងបើកការដ្ឋាន​ធ្វើឡើង​ក្នុងអំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ​ខាង​មុខ​នេះ ដោយបាន​ត្រៀម​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​សរុប ៥៦លាន ១០ម៉ឺន​ដុល្លារ បន្ទាប់ពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ (Export-Import Bank of Korea) នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច (EDCF) បាន​ចុះកិច្ចសន្យាជាមួយគ្នា។

ការបង្ហាញ​នេះ ក្នុង​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្ដល់​ឥណទាន​សម្បទាន សម្រាប់​គម្រោង​សាងសង់ និង​ធ្វើ​ឲ្យ​ប្រ​សើ​រ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ២ និង​លេខ២២ តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារ​នីហរ័ណ​អា​ហ​រ័​​ណ​កូរ៉េ​នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) នៅ​ទីស្ដីការក្រសួង​សាធារណៈ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី ២៥ មិថុនា​នេះ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បង្ហាញ​ថា ការបើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ២២នេះ នឹង​ធ្វើឡើង​ក្នុងអំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ​ខាង​មុខ​នេះ ដោយបាន​ត្រៀម​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​សរុប ៥៦លាន ១០ម៉ឺន​ដុល្លារ។

ក្នុងនោះ​ថវិកា​គ្រោង​សម្រាប់​ការ​សាង​សង់ (Civil Works) មាន​ចំនួន ៤៣លាន៦​សែន​១ពាន់​ដុល្លារ និង​ថវិកាបម្រុង (Cortingencies) មាន​ចំនួន ៨លា​ន ៩ម៉ឺន១ពាន់​ដុល្លារ។

​គម្រោង​នេះ ឆ្លងកាត់​រាជធានី-ខេត្ត​ចំនួន៣រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តតាកែវ មាន​ប្រ​វែង​​ផ្លូវ​ជាង ៧២គីឡូម៉ែត្រ«គម្រោង​ផ្លូវជាតិ​លេខ២ ចាប់ផ្តើម​ពី​រង្វង់​មូល​តាខ្មៅ (ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល) ដ​ល់​​​រង្វង់​​មូល​អូរ​ចំបក់ (ស្ថិតក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ) និង​ផ្លូវជាតិ​លេខ២២ ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្លូវជាតិ​លេខ​៣ ត្រង់​ផ្សារ​អង្គតាសោម»។

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ក្រោយ​ពិធី​ចុះ​ហត្ថ​លេ​ខា​​នេះថា គម្រោង​នេះ ត្រូវបាន​បែងចែក​ជា ៣កំណាត់ផ្លូវធំៗមានដូចជា កំណាត់​ទី១ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​តាខ្មៅ ដល់​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ដែលមាន​ប្រវែង ៨,៧៤​គីឡូម៉ែត្រ កំណាត់​ទី២ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ដល់​រង្វង់​មូល​អូរ​ចំបក់ ដែលមាន​ប្រវែង ៥៣,៨១៩គីឡូម៉ែត្រ ស្ថិតក្នុង​តំបន់​ជនបទ និង​កំណាត់​ទី៣ ចាប់ផ្តើម​ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្សារ​អង្គតាសោម (ផ្លូវ​ជាតិ​​លេខ២២) ដែលមាន​ប្រវែង ៩,៦១១ គ.ម ស្ថិតក្នុង​តំបន់​ជនបទ។

​តាមសេចក្ដីប្រកាស​ព័ត៌មានបញ្ជាក់ថា កិច្ចសន្យា​សាងសង់ គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​កូរ៉េ ផ្ដល់ជូន​រដ្ឋាភិបាល​ក​ម្ពុ​ជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ជា​អ្នកអនុវត្ត ហើយ​ក្រុម​ហ៊ុន HANSHIN Engineering & Construction Co. Ltd ជា​អ្នកម៉ៅការ​សាង​សង់ និង​ស្ថាបនា ក្នុង​ទំហំ​ទឹក​ប្រា​ក់ ៤៥លាន ៧សែន ៥ម៉ឺន​ដុល្លារ ដោយ​មិនទាន់​គិតពី​ថវិកាបម្រុង និង​រយៈពេល​សាងសង់​ចំនួន ៣០ខែ​៕