
ខេត្តត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន នៅថ្ងៃទី៣០ ខែមិថុនានេះបានអះអាងថា ក្រុមហ៊ុន អាន ម៉ាឌី គ្រុប គ្រោងដាំឬស្សីលើផ្ទៃដីចំនួន១ម៉ឺនហិកតា និងបង្កើតរោងចក្រកែច្នៃជាសម្ភារ និងគ្រឿងសង្ហារឹមច្រើនប្រភេទ ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងនាំចេញ។
ការថ្លែងនេះ ខណៈលោករដ្ឋមន្ត្រី រួមដំណើរដោយសហការី បានចុះទៅឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមដាំឫស្សីជានិមិត្តរូបជាមួយក្រុមហ៊ុន អាន ម៉ាឌី គ្រុប។
លោករដ្ឋមន្ត្រី វេង សាខុន ថ្លែងថា សកម្មភាពដាំឫស្សីនាពេលនេះចង់បង្ហាញថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើ ជាសេនាធិការបានចាប់ផ្តើមអនុវត្តច្បាប់ស្តីពី «ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ និងផ្តៅ» ដែលច្បាប់នេះ ទើបបានអនុម័តដោយព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
លោកបន្ដថា ច្បាប់នេះ គោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រជាសហគមន៍ ក្រុមហ៊ុន ដោយជំរុញ និងលើកទឹកចិត្តពួកគាត់ តាមរយៈយន្តការនៃការដាំដុះ ថែរក្សា កែច្នៃ និងប្រើប្រាស់ ដើម្បីលើកតម្កើងគុណតម្លៃរបស់វត្ថុធាតុដើម ដែលមានតម្លៃផ្នែកសេដ្ឋកិច្ច និងសង្គមមួយនេះ។
លោកឧកញ៉ា អាន ម៉ាឌី ម្ចាស់ក្រុមហ៊ុន អាន ម៉ាឌី គ្រុប បានជម្រាបលោករដ្ឋមន្ត្រីថា ដោយយល់ឃើញពីសក្តានុពល នៃផលិតកម្មឫស្សី ដើម្បីចូលរួមអភិវឌ្ឍផលិតកម្មឫស្សី ស្របតាមខ្លឹមសារនៃច្បាប់ខាងលើក្រុមហ៊ុនបានដាំឫស្សីលើផ្ទៃដី ២៥ហិកតា ទុកសម្រាប់ធ្វើពូជ បន្ទាប់មកគ្រោងដាំជាលក្ខណផលិតកម្មលើផ្ទៃដីចំនួន ១ម៉ឺនហិកតា និងបង្កើតរោងចក្រកែច្នៃជាសម្ភារ និងគ្រឿងសង្ហារឹមច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងនាំចេញ។
គម្រោងវិនិយោគនេះ គឺកំពុងឆ្លើយតប ទៅនឹងគោលនយោបាយ នៃការអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ និងជាពិសេសចូលរួមយ៉ាងសកម្មអនុវត្តច្បាប់ស្តីពី «ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ»។ ម្យ៉ាងវិញទៀត គម្រោងនេះ នឹងចូលរួមអភិវឌ្ឍធនធានឫស្សីប្រកបដោយនិរន្តរភាព ទាញយប្រយោជន៍ សម្រាប់សង្គម សេដ្ឋកិច្ច ភាតរបរិស្ថានបៃតង និងបង្កើតគម្របព្រៃឈើ។
លោករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន សហការជាមួយរដ្ឋបានព្រៃឈើ បង្កាត់ពូជឲ្យបានច្រើន ដើម្បីផ្សព្វផ្សាយជូនក្រុមហ៊ុនផ្សេងៗ ដែលមានចេតនាចង់ដាំ និងជាពិសេសប្រជាសហគមន៍ ដើម្បីដាំប្រមូលផលប្រើប្រាស់ តាមតម្រូវការ កាត់បន្ថយការប្រើប្រាស់ឈើ និងលើកតម្កើងកម្រិតជីវភាព៕