
ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ នៅថ្ងៃទី០១ ខែកក្កដានេះ បានលើកឡើងថា សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តព្រះសីហនុសរុបចំនួន ១៥៦កន្លែង ប៉ុន្ដែត្រូវបានគ្រប់គ្រងដោយជនជាតិចិនចំនួន
១៥០កន្លែង ខណៈកាស៊ីណូចំនួន ៦២កន្លែង វិនិយោគដោយជនបរទេស ៤៨កន្លែង និងកន្លែងនានាទៀត។
ការបង្ហាញនេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ដើម្បីបន្តនិរន្តរភាពការងារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ រក្សារបៀបរៀបរយក្នុងខេត្តព្រះសីហនុឲ្យកាន់តែប្រសើរឡើង ដោយលោកនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ ជាប្រធានក្រុមការងារចុះពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គមនៅខេត្តព្រះសីហនុ ជាមួយស្នងការចំនួន ៣ផ្សេងទៀត នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនគរបាលខេត្តតាមតំបន់សមុទ្របានមកចូលរួមមាន លោក ជួនណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត លោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង និងលោក បែន តារា ស្នងការនគរបាលខេត្តកែប។
លោក ជួន ណារិន្ទ បានឡើងរាយការណ៍ជូនអង្គប្រជុំអំពីសភាពការណ៍ទូទៅសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តថា ស្ថានភាពទូទៅខេត្តព្រះសីហនុមានការវិនិយោគច្រើនពីជនបរទេសជនជាតិចិនធ្វើឲ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យដូចជា កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ព្រមទាំងមុខរបរផ្សេងៗជាច្រើនទៀត ភាគច្រើនគ្រប់គ្រងដោយជនជាតិចិន។
លោកបន្តថា ក្នុងនោះ សណ្ឋាគារ និងផ្ទះសំណាក់ចំនួន ១៥៦កន្លែង គ្រប់គ្រងដោយជនជាតិចិនចំនួន ១៥០កន្លែង កាស៊ីណូចំនួន ៦២កន្លែង វិនិយោគដោយជនបរទេស ៤៨កន្លែង ក្លិបកំសាន្ត ខារ៉ាអូខេ ៤១កន្លែងគ្រប់គ្រងដោយជនជាតិចិន ហាងម៉ាស្សាចំនួន ៤៦ កន្លែង គ្រប់គ្រងដោយជនជាតិចិន និងភោជនីយដ្ឋានចំនួន៤៣៦ គ្រប់គ្រងដោយជនជាតិចិន៩៥ភាគរយ។
ក្នុងកិច្ចប្រជុំនេះ លោកស្នងការនគរបាលខេត្តកំពត កែប និងខេត្តកោះកុង ក៏បានឡើងរាយការណ៍ជាបន្តបន្ទាប់អំពីសភាពការណ៍ទូទៅក្នុងខេត្តរបស់ខ្លួនទទួលខុសត្រូវផងដែរ៕