លោក វ៉ី សំណាង បង្ហាញពីសក្តានុពលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺប្រាប់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក

ភ្នំពេញ៖ អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង នៅ​ថ្ងៃទី០២ ខែកក្កដា​នេះ បាន​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​ស​ហរ​ដ្ឋ​អា​មេរិក ដោយ​លោក​បាន​និយាយប្រាប់​ពី​សក្ដានុពល​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​ទៅ​ថ្នាក់ដឹកនាំ​ក្រុង Corinth នៃ​រដ្ឋ Texas ស​ហរដ្ឋអាមេរិក។

ក្នុងឱកាស​នោះ លោក វ៉ី សំណាង បាន​ថ្លែងថា លោក​ត្រូវបាន​គេ​អញ្ជើញ​ធ្វើជា​កិត្តិយស ឡើង​ធ្វើ​បទ​បង្ហាញ​ស្តីពី​ស​ក្តា​នុ​ពល​សេដ្ឋកិច្ច​របស់​ខេត្តកំពង់ស្ពឺ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល។ បន្ទាប់មក​លោក​អភិបាលខេត្ត បាន​ដឹកនាំ​ប្រតិភូ​ទៅ​​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិ និង​វិធី​សង្គ្រោះបន្ទាន់ សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ទីក្រុង Corinth នៃ​រដ្ឋ Texas ស​ហរដ្ឋអាមេរិក។

លោក​បាន​ថ្លែងថា៖ «ដើមឈើ​ជា​មិ​ត្ដ​ភាព​យូរអង្វែង​រវាង​កំពង់ស្ពឺ (កម្ពុជា) និង​រដ្ឋ​តិច​សាស់ (សហរដ្ឋអាមេរិក) ត្រូវ​បាន​​ដាំ​​នា​ថ្ងៃទី០២ ខែ​កក្ត​ដា ឆ្នាំ២០១៩ នៅ​ទីក្រុង Corinth»។

លោក​បន្តថា «ថ្ងៃ​នេះដែរ ខ្ញុំ​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដោយបាន​ទទួល​កណ្តឹង (គេ​ប្រើ​សំរាប់​ប្រកាសអាសន្ន​ក្នុង​សម័​យ​មុន) ដែល​សំគាល់​ដល់​វីរៈជន​ឆ្នើម ក្នុង​ការជួយ​ពន្លត់​អគ្គិភ័យ​បាន​ជោគជ័យ។ ជាការ​កក់​សម្គាល់ ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​​​លើក​នេះ ក្រុម​ប្រតិភូ​ខេត្ត​ត្រូវ​បានទទួល​ដោយ​យកចិត្តទុកដាក់ និង​បង្ហាញ​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក​ផង​ដែរ​»៕