លោក ជា សុផារ៉ា ជំរុញឲ្យក្រុមហ៊ុនសាងសង់សំណង់ទាំងអស់ ពង្រឹងគុណភាពសំណង់ និងត្រូវតាមគោរពច្បាប់

ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី ០៤​កក្ក​ដា​​នេះ ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​សំណង់​ទាំងអស់​ត្រូវតែ​ពង្រឹងគុណភាព ជាពិសេស​ត្រូវគោរព​ច្បាប់​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ។

ការ​ថ្លែង​នេះ ក្នុងឱកាស​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានរៀបចំ​កិច្ចប្រជុំ​ស្ដីពី​ការងារ​សិក្សា​គំ​រោង​ប្លង់ និង​សាងសង់​អគារ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ប្រធាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សា​ង​សង់ ប្រធាន​ក្រុមហ៊ុន​ប្រកប​អាជីវ​កម្មសិក្សា​គំរោង​ប្លង់ ប្រធាន​ក្រុម​ជាងសំណង់ និង​រូបវ័ន្ត​បុគ្គល​សិក្សា​គំរោង​ប្លង់ និង​មន្ត្រី​រាជការ​ជាច្រើន​នាក់។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែងថា ក្រុមហ៊ុន​សាងសង់​ទាំងអស់ ទាំង​មិនបាន​ចុះបញ្ជី និង​ចុះបញ្ជី ត្រូវ​ចូលរួម​គោរព​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស នៅក្នុង​អាជីព ដោយ​មិនត្រូវ​ប្រព្រឹត្តិ ប្រាសចាក​អំពី​ក្រម​សីលធម៌​វិជ្ជាជីវៈ។

លោក​បន្តថា ក្រុមហ៊ុន​ត្រូវ​បន្ត​សិក្សា​ស្វែងយល់​បន្ថែម​ចំណេះដឹងថ្មីៗ ដូចជា​បច្ចេកវិទ្យា និង​បច្ចេកទេសថ្មីៗ ដើម្បី​ធានា​ដល់​សោភ័ណភាព គុណភាព​នៃ​សំណង់ និង​សំណង់​បៃតង។ ចំណុច​នេះ លោក​បានបង្ហាញ​ពី​បំណង​ចង់បាន​ឯកសារ ដែល​ត្រូវបាន​ឆ្លងកាត់​ការសិក្សា​ច្បាស់លាស់​របស់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ សិក្សា​គម្រោង​ប្លង់ ជាងសំណង់ និង​រូបវ័ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​ទាំងអស់ ទៅ​តម្កល់ទុក​នៅ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ បាន​សិក្សា​យល់ដឹង​បន្ថែម។

លោក​បញ្ជាក់ថា៖«ខ្ញុំ​ចង់​សុំ​ការគាំទ្រ​ពី​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ សិក្សា​គម្រោង​ប្លង់ ជាងសំណង់ និង​រូបវ័ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​ទាំងអស់ ដើម្បី​ជា​គុណប្រយោជន៍ សម្រាប់​សង្គមជាតិ សម្រាប់​បន្ត​ចំណេះដឹង លើ​ផ្នែក​ប​ច្ចេ​ក​ទេស សោភ័ណភាព និង​កិច្ចការងារសំខាន់ៗជាច្រើន​ទៀត»៕