
ភ្នំពេញ: លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) និងធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកាសចាប់ដៃគ្នាដាក់ដំណើរការសេវាដាក់ និងដកប្រាក់នៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយជំរុញឲ្យការផ្ទេរបា្រក់របស់អតិថិជនកាន់តែទូលំទូលាយ ឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
ការបង្ហាញនេះ ក្នុងអំឡុងពេលស្ថាប័នទាំងពីរបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នា ដើម្បីដាក់ឲ្យដំណើរការនូវសេវា ដាក់ និងដកប្រាក់ រវាងគណនីធនាគារ អេស៊ីលីដា ភីអិលស៊ី និងបណ្តាញភ្នាក់ងារ លី ហួរ វេរលុយ នៅថ្ងៃទី០៥កក្កដានេះ។
លោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប មានប្រសាសន៍ថា ការសហការនេះគោលបំណងរួម គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត មានសុវត្ថិភាព និងសន្សំសំចៃពេលវេលាដល់ប្រជាពលរដ្ឋខ្មែរដែលជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយពួកគាត់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុមួយចំនួនតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដែលមាននៅទូទាំងប្រទេសកម្ពុជា។
លោកឧកញ៉ាបន្តថា«ការចាប់ផ្តើមនេះនឹងធ្វើឲ្យយើងឈានដល់ដំណាក់កាលមួយទៀតក្នុងបេសកម្មរបស់យើងដើម្បីពង្រីកវិសាលភាពក្នុងវិស័យហិរញ្ញវិត្ថុ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់ពួកគាត់ មិនថា ក្នុងការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ ការបង្វិលប្រាក់សម្រាប់ការសម្រេចចិត្តធ្វើការវិនិយោគក្នុងរយៈពេលវែង ការដាក់ ឬដកប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ និងការផ្ដល់ជូនលទ្ធភាពជាច្រើនផ្សេងទៀត»។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ីមានប្រសាសន៍ថា ធនាគារអេស៊ីលីដា ភីអិលស៊ី បានចាប់ដៃគូយុទ្ធសាស្រ្តសហប្រតិបត្តិការជាមួយលី ហួរ វេរលុយ ដើម្បីបម្រើសេវាកម្មរឹតតែទូលំទូលាយថែមទៀត រួមជាមួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។
លោកបណ្ឌិតបន្តថា បច្ចុប្បន្នធនាគារមានបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេចំនួន ៥៧៧គ្រឿង គ្រប់ខេត្ត និងរាជធានីទូទាំងប្រទេសកម្ពុជា ទាំងនៅក្នុងការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី និងនៅតាមផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ក្រុមហ៊ុននានា។
លោកបណ្ឌិតបន្ថែមថា អតិថិជនអាចធ្វើប្រតិបត្តិការ ផ្ទេរប្រាក់រវាងគណនី Core Banking របស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ដកប្រាក់ពីគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី តាមរយៈម៉ាស៊ីន អេ ធី អឹម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនប្រើកាត និងសេវាផ្សេងៗទៀតដែលនឹងសហការគ្នាទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគត៕