លោក ស៊ុន ចាន់ថុល គម្រោងដាក់ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ២១ ដើម្បីធានាគុណភាពផ្លូវ

ខេត្តកណ្ដាល៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃទី០៦ ខែ​ក​ក្ក​ដានេះ បានលើកឡើងថា ផ្លូវជាតិលេខ២១ ដែលចេញពីក្រុងតាខ្មៅ ដល់ជ្រៃធំស្រុកកោះធំ ខេត្តកណ្តាលជាប់​ព្រំ​ប្រទល់វៀតណាម គ្រោងនឹងរៀបចំដាក់ជញ្ជីថ្លឹងរថយន្តនៅពេលឆាប់ៗនេះ ដើម្បីធានាសុវត្ថិភាពផ្លូវកុំឲ្យ​មាន​ការ​ខូច​ខាត​អាចប្រើប្រាស់បានយូរអង្វែង។

ការលើកឡើងនេះ ក្នុងអំឡុង​ពេលលោកបាន​ដឹកនាំក្រុមការងារជិះកង់ត្រួតពិនិត្យមើលផ្លូវជាតិលេខ២១ ដោយ​ចេញ​ពីកីឡដ្ឋានស្រុកកោះធំ ឆ្ពោះទៅភូមិជ្រៃធំ ឃុំសំពៅពូន ជាប់ព្រំប្រទល់វៀតណាម នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ​២០១៩នេះ។

 លោក ស៊ុន ចាន់ថុល បានថ្លែងថា ការចុះពិនិត្យមើលផ្លូវដោយជិះកង់នេះ ដើម្បីពិនិត្យមើលពីគុណភាពផ្លូវឲ្យ​បាន​កាន់​តែច្បាស់ ព្រោះបើចុះមើលផ្លូវដោយជិះរថយន្ត មើលមិនច្បាស់នោះទេ មិនដឹងថាផ្លូវមានខូចខាត​ចំណុចណា​ខ្លះ​នោះទេ។ នៅក្នុងការចុះពិនិត្យផ្លូវនេះ បានឃើញចំណុចអវិជ្ជមានច្រើន ដោយ​ឃើញថា មានកន្លែងមួយ​ចំនួន​មាន​ការខូចខាត ហើយក្រុមការងារក្រសួង បានគូសបញ្ជាក់ដើម្បីក្រុមហ៊ុនសាងសង់ធ្វើការជួសជុល អ៊ុតឡើង​វិញ​។

លោកបន្តថា ចំពោះផ្លូវជាតិលេខ២១នេះ នៅសល់ប្រវែង៩គីឡូម៉ែត្រ នៅមិនទាន់បានសាងសង់រួចរាល់។ នៅ​ថ្ងៃ​ទី១៧ ខែកក្កដា ខាងមុខនឹងមានក្រុមហ៊ុនឯករាជមួយមកសិក្សាវាយតម្លៃលើផ្លូវជាតិលេខ២១នេះ។ ក្នុងនោះ​លោកនឹងឲ្យមន្រ្តីជំនាញ​ដាក់ជញ្ជីងថ្លឹងរថយន្តនៅពេលឆាប់ៗនេះ។

លោកបញ្ជក់ថា៖«យើងបានរកទីតាំង និងកន្លែងបានរួចរាល់អស់ហើយ ការដាក់ជញ្ជីងនេះ ដើម្បីធ្វើការត្រួតពិនិត្យ​ទៅលើ​រថយន្តដឹកទំនិញធំៗ ក្នុងគោលដៅបញ្ចៀសឲ្យ​បានការដឹកទំនិញលើសការកំណត់ ដែលជាហេតុធ្វើឲ្យ​ផ្លូវ​ខូច មិនអាចជាប់រឹងមាំប្រើប្រាស់បានយូរ»។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកបើកបររថយន្តទាំងអស់ត្រូវគោរពច្បាប់ចររាចរណ៍ទាំងអស់គ្នា ត្រូវយក​រថយន្ត​ទៅធ្វើការត្រួតពិនិត្យឲ្យ​បានត្រូវជៀសវាងការបង្ករគ្រោះថ្នាក់ផ្សេងៗ ហើយមិនត្រូវដឹកទំនិញលើស​ទម្ងន់​កំណត់​របស់ច្បាប់ ដែលជាហេតុធ្វើឲ្យ​ផ្លូវខូចនោះទេ៕