
ខេត្តកំពត៖ ប្រទេសកម្ពុជា គ្រោងនឹងបន្តនាំចូលអំបិលពីប្រទេសចិនប្រមាណចំនួន ៥ម៉ឺនតោន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកសម្រាប់ឆ្នាំ ២០១៩នេះ ខណៈការផលិត និងអំបិលនៅក្នុងស្ដុកត្រឹមតែ ៣ម៉ឺនតោនប៉ុណ្ណោះ ខណៈកម្ពុជាបាននាំចូលអំបិលពីចិន ២ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៨នេះ។
លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែបបានថ្លែងថា ផ្ទៃដីផលិតអំបិលនៅកម្ពុជាប្រមាណជាង ៤ ៥០០ ហិកតា ដែលគ្របដណ្តប់ក្នុងខេត្តកំពត-កែប ហើយការផលិតឆ្នាំនេះសម្រេចបានទិន្នផលតែជាង ៣ម៉ឺនតោនប៉ុណ្ណោះ ក្នុងចំណោមតម្រូវការប្រើប្រាស់សរុបពី ៨-១០ ម៉ឺនតោន ក្នុង ១ ឆ្នាំៗ។
លោកបន្តថា ប្រសិនបើអាកាសធាតុអំណោយផលល្អ ក្នុង ១ ហិកតា គេអាចផលិតអំបិលបានប្រហែល ២០ តោន។ លោកថា៖ «ការនាំចូលអំបិលពីបរទេស គឺជារឿងចៀសមិនផុតសម្រាប់ឆ្នាំនេះ ព្រោះគិតត្រឹមពេលនេះ អំបិលនៅក្នុងឃ្លាំងស្តុកបានបញ្ចេញលក់ទៅលើទីផ្សារអស់ច្រើនមកហើយ»។
លោកលើកឡើងថា ទោះជាក្នុងឆ្នាំ ២០១៩ នេះកម្ពុជាជួបប្រទះនឹងបាតុភូតអាកាសធាតុ El Nino ដែលធ្វើឲ្យអាកាសធាតុក្តៅខ្លាំង និងអូសបន្លាយយូរ តែសម្រាប់តំបន់ផលិតអំបិលក្នុងខេត្តកំពត-កែប បែរជាទទួលភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យកសិករមិនអាចធ្វើស្រែអំបិលបាន។
លោកបន្តថា កង្វះកម្លាំងពលកម្មជាមូលហេតុចម្បងធ្វើឲ្យចំនួនអ្នកផលិតអំបិលធ្លាក់ចុះពី ១ ឆ្នាំ ទៅ ១ ឆ្នាំ។ លោកថ្លែងថា៖ «ការធ្វើស្រែអំបិលត្រូវការមនុស្សដែលមានភាពអំណត់ និងធ្វើការក្រោមកម្តៅថ្ងៃ ហេតុនេះទើបបច្ចុប្បន្នមានអ្នកផលិតជាច្រើនបាននាំគ្នាងាកចេញទៅស្វែងរកការងារផ្សេង។ នេះជាបញ្ហាប្រឈមមួយដែលកំពុងបន្តកើតមានជារៀងរាល់ថ្ងៃ»។
កម្ពុជាផលិតអំបិលបានច្រើនប្រមាណ ១០ ម៉ឺនតោនក្នុង ១ ឆ្នាំរយៈពេល ៣ ឆ្នាំជាប់ៗគ្នា គឺពីឆ្នាំ ២០១៤ ដល់ ២០១៦។ ប៉ុន្តែទិន្នផលនេះបានធ្លាក់ចុះ ៣ ឆ្នាំ ជាប់គ្នាវិញចាប់ពីឆ្នាំ ២០១៧ មក។ តម្លៃអំបិលបច្ចុប្បន្នមិនមានការប្រែប្រួលច្រើនទេ ដោយក្នុង ១ តោន មានតម្លៃប្រមាណ ១០០ ដុល្លារ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ៕