រាជរដ្ឋាភិបាលដកហូតសិទ្ធិកាន់កាប់ដីនៅតំបន់បឹងជើងឯកចំនួន ៥កន្លែងពីក្រុមហ៊ុន ING Holding

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ទីស្ដីកា​រណៈ​រដ្ឋមន្ត្រី បានសម្រេច​ដកហូត​សិទ្ធ​កាន់កាប់​ដី​ពី​ក្រុមហ៊ុន ING Holding របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ព្រមទាំង​លុបចោល​សេចក្តីជូនដំណឹង​ចំនួន ៣ទៀត ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​បឹង​ជើងឯក។

ការសម្រេច​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​បញ្ជាក់​ក្នុង​កម្មវត្ថុ​របស់ខ្លួន​ថា ដោយសារ​ក្រុមហ៊ុន មិន​អនុវត្ត​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល ពាក់ព័ន្ធ​នឹង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ផ្ទៃ​បឹង​ជើងឯក ស្ថិតនៅក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល។

សេចក្តីសម្រេច​លុបចោល និង​ធ្វើ​មោឃភាព​នេះ បានធ្វើ​ឡើង​តាម​ចំណារ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពី​មាន​លិខិត​លេខ១៤៨៨ ដន​ស/អសដ​ភ. ចុះ​ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៩ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លិខិត​លេខ៣០៨ ខន/០១៩ សជណ ចុះ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ របស់​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​នៅ​បឹង​ជើងឯក​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ដូចខាងក្រោម៖ ទី១. និរាករណ៍​លិខិត​លេខ១៩៨ សជណ.ផ​ក ចុះ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ លិខិត​លេខ ៨០១ សជណ.ផ​ក ចុះ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និង​លិខិត​លេខ ១១៤៧ សជណ.ឧស ចុះ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី។

និង​ទី២.មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង ចំនួន៥ ប័ណ្ណ គឺ​ប័ណ្ណ​លេខ​ភព ៦៨៥៧៨ ភព ៦៨៥៧៩ ភព ៦៨៥៨០ ភ ៦៨៥៨២ និង​លេខ​ភព ៦៨៥៨៣ ចុះ​ថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩៕