
ភ្នំពេញ៖ តាមការបញ្ជាក់ពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមហ៊ុន Lianfa របស់ចិនមានបំណងចង់បោះទុនវិនិយោគធ្វើការដាំដុះកប្បាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការកែច្នៃក្រណាត់ផ្គត់ផ្គង់ដល់បណ្តារោងចក្រកាត់សម្លៀកបំពាក់នៅកម្ពុជា នាពេលអនាគត។
ការបង្ហាញគម្រោងនេះ ធ្វើឡើងក្រោយមួយឆ្នាំបន្ទាប់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទៅធ្វើទស្សនៈកិច្ចផ្លូវកា នៅក្រុមហ៊ុន Lianfa ក្នុងខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី២១ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។
គម្រោងបណ្ដាក់ទុននេះ ធ្វើឡើងដើម្បីកែច្នៃក្រណាត់ផ្គត់ផ្គង់ដល់បណ្តារោងចក្រកាត់សម្លៀកបំពាក់នៅកម្ពុជា នាពេលអនាគត។ តាមរយៈនៃការប្តេជ្ញាចិត្តរបស់កន្លងមក ក្រុមហ៊ុន Lianfa គឺបានយកពូជប្រមាណជាជាង ៤០ ពូជ មកដាំសាកល្បងលើទីតាំងតែមួយនៅខេត្តពោធិ៍សាត់ ជាលទ្ធផលគឺទទួលបានលទ្ធផលល្អប្រសើរទាំងអស់។ តាមរយៈលទ្ធផលនេះ ក្រុមហ៊ុននឹងបន្តពង្រីកធ្វើការដាំដុះនៅលើផ្ទៃដីចំនួន ១៨០ ហិកតា និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងធ្វើការពង្រីកនៃការដាំដុះសាកល្បងនៅក្នុងស្រុកក្រវ៉ាញចំនួន ១ ហិកតាទៀត មុននឹងឈានទៅដល់ការដាំដុះដីទំហំធំ នៅតំបន់ទីនោះនាពេលអនាគត៕