
ពោធិ៍សាត់៖ ផ្លូវជាតិលេខ៥៥ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ មានស្ពានចំនួន៤៥ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបជាង ១៣២.៨០លានដុល្លារ សហរដ្ឋអាមេរិក ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើទៅរដ្ឋាភិបាល ដើម្បីដាក់ដំណើរការ។
ការលើកឡើងនេះ នៅថ្ងៃទី២២ ខែកក្កដានេះ ក្នុងអំឡុងពេលលោកទេសរដ្ឋមន្ត្រី បានដឹកនាំមន្ត្រីក្រសួងអមដោយតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពផ្លូវជាតិលេខ៥៥ ដែលសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវជាតិលេខ៥៥ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ មានស្ពានចំនួន៤។ ផ្លូវនេះសាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាសរុបជាង ១៣២.៨០លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវ DBST គិតចាប់ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។
លោកបន្តថា គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ ១០០ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់អស់ចំនួន ៤២ខែ។ លោកថា ការចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៥នេះ មានគោលបំណងពិនិត្យមើលចំណុចខ្វះខាតតិចតូច ដែលនៅសេសសល់។
លោក ស៊ុន ចាន់ថុល បានណែនាំក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសឲ្យពិនិត្យឡើងវិញលើការដាក់ភ្លើងសញ្ញាប្រុងប្រយ័ត្នជំនួសផ្លាកសញ្ញានៅត្រង់ចំណុចកែងខ្លាំង ដើម្បីឲ្យប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវនេះងាយមើល និងមានការប្រុងប្រយ័ត្នខ្ពស់។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំពីការធ្វើជញ្ជាំងលើជម្រាលភ្នំការពារធ្លាក់ដី និងដុំថ្ម, ប្រមូលគ្រួសអណ្ដែតនៅលើថ្នល់ សំដៅជៀសឲ្យផុតពីគ្រោះថ្នាក់នានាដោយយថាហេតុ ព្រោះថាផ្លូវនេះសណ្ដូកលើដងភ្នំមានការបត់បែនខ្លាំង។
លោករដ្ឋមន្ត្រី ក៏បានពិនិត្យលើបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងការសាងសង់ ដើម្បីជំរុញឲ្យក្រុមហ៊ុនម៉ៅការសាង សង់ធ្វើការកែសម្រួលបំពេញបន្ថែមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវសំដៅធ្វើឱ្យផ្លូវនេះមានគុណភាព រឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការដាក់ដំណើរ ការជាផ្លូវការ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរណ៍ វិនិយោគិន និងការដឹកជញ្ជូនកើនឡើង ដែលជាកត្តា ជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការរីកចម្រើនសេដ្ឋកិច្ចជាតិកាត់បន្ថយភាព ក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា បន្ទាប់ការកែលំអរលើបញ្ហាសេសសល់មួយចំនួនហើយនោះ លោកនឹងដាក់សំណើសុំគោលការណ៍ និងគោរពអញ្ជើញសម្តេច ហ៊ុន សែន មកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវនេះជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ៕