
បន្ទាយមានជ័យ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កម្ពុជា កំពុងចរចារថវិកាប្រមាណ ១៨៣លានដុល្លារសហរដ្ឋអាមេរិកថែមទៀត ដើម្បីយកមកសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែបន្ថែមទៀត ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅខេត្តកោះកុង ដែលមានប្រវែង១៩៣គីឡូម៉ែត្រ។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងពីខេត្តបន្ទាយមានជ័យ ក្នុងឱកាសបន្ដចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង មកក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី២២កក្កដានេះថា សម្រាប់ថវិកាសាងសង់ផ្លូវជាតិថ្មី មួយខ្សែនេះ គឺជាប្រាក់កម្ចីសម្បទានពីប្រទេសចិន មានតម្លៃប្រមាណ១៨៣លានដុល្លារសហរដ្ឋអាមេរិក ខណៈការបើកការដ្ឋានសាងសងផ្លូវការនោះ នឹងធ្វើព្រមគ្នាជាមួយការដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលអាចនៅអំឡុងចុងឆ្នាំ២០១៩នេះ។
លោកបញ្ជាក់ថា៖«ក្រៅពីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក៏មានបើកការដ្ឋានសាងសង់ផ្លូវលេខ១០ ចាប់ពីសំឡូត ចុះមកវាលវែង ទៅដល់កោះកុងតែម្ដង ចឹងកម្មវិធីធ្វើរួមគ្នា។ ផ្លូវលេខ១០នេះ គឺទទួលបានប្រាក់កម្ចីសម្បទានពីប្រទេសចិនដែរ ហើយថ្ងៃនេះតាមខ្ញុំដឹង រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកធ្វើដំណើរទៅប្រទេសចិន ដើម្បីពិភាក្សាលើប្រាក់កម្ចីនេះ»។
ចំពោះពេលវេលាជាក់លាក់ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ដោយគ្រាន់តែបង្ហើបថា នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ហើយសម្ដេចជាអ្នកសម្រេចកំណត់យកថ្ងៃសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០។
លោកទេសរដ្ឋមន្ដ្រីបញ្ជាក់ថា ការកម្ចីពីបរទេសនេះមិនមែនបញ្ជាក់ថា ប្រទេសកម្ពុជាខ្លួនឯងមិនមានលុយនោះទេ ប៉ុន្ដែកម្ពុជាត្រូវការថវិកាដើម្បីបែងចែកទៅផ្នែកផ្សេងៗ នៅក្នុងប្រទេស ខណៈដែលការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវការថវិកាច្រើន ហើយទើបដៃគូអភិវឌ្ឍន៍របស់កម្ពុជាបានអនុញ្ញាតឲ្យខ្ចី ក្នុងអត្រាការប្រាក់ទាប។ ចំពោះការខ្ចីលុយនេះ ទេសរដ្ឋមន្ដ្រីបានអះអាងថា កម្ពុជាបានគ្រប់គ្រងថវិកាទាំងអស់នេះ បានយ៉ាងល្អដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕