
ភ្នំពេញ៖ បន្ទាប់ក្លាយខ្លួនទៅជាម្ចាស់ហ៊ុនធំទៅលើ ធនាគារ ANZ Royal សម្រាប់ប្រទេសកម្ពុជា ធនាគារ J Trust កាលពីថ្ងៃទី ២៥ ខែកក្កដា ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្តូរឈ្មោះផលិតផល និងសេវាកម្មធនាគារ ANZ Royal ទៅជាធនាគារ J Trust Royal វិញ ព្រមជាមួយនឹងការផ្អាកដំណើរសេវាកម្មមួយចំនួន ព្រមទាំងទូរ ATM ផងដែរ។
សម្រាប់ដំណើរផ្លាស់ប្តូរកម្មសិទ្ធិនេះ កំពុងប្រព្រឹត្តទៅដោយរលូន ហើយធនាគារ J Trust Royal នឹងចាប់ផ្តើមបម្រើសេវាកម្ម ជូនទាំងអតិថជនសាជីវកម្ម និងអតិថិជនបុគ្គល នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
ជាមួយគ្នានេះ គណនីចាស់នៅធនាគារ ANZ Royal គីនៅអាចប្រើជាធម្មតា ពុំមានការផ្លាស់ប្តូរទៅលើលេខគណនីថ្មីអ្វីទេ។ រីឯសៀវភៅមូលប្បទានប័ត្រនឹងត្រូវបានផ្លាស់ប្តូរ តាមលំដាប់ពេលវេលា ដែលសមស្រប ប៉ុន្តែទោះជាយ៉ាងណា សៀវភៅមូលប្បទានបត្រទាំងនោះ នឹងនៅតែអាចបន្តប្រើប្រាស់បាន រហូតដល់រយៈពេល ១២ខែ បន្ទាប់ពីការផ្លាស់ប្តូរ។ ដោយឡែក សៀវភៅគណនី ដែលចេញដោយធនាគារ ANZ Royal ក៏នៅតែប្រើបានធម្មតាដែរ។
ធនាគារ នឹងផ្អាកទទួលពាក្យបើកគណនីថ្មី រួមទាំងគណនីប្រាក់បញ្ញើរមានកាលកំណត់ និងគណនី ចរន្ត ព្រមទាំងគណនីប្រាក់បៀរវត្យរ៍ ចាប់ពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ ម៉ោង ៤ ល្ងាច ប៉ុន្តែនឹងបើកដំណើរការធម្មតានៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ វិញ។
ដោយឡែក ចាប់ពីល្ងាចថ្ងៃទី ១៣ ខែសីហា គ្រប់សេវា ATM នឹងត្រូវផ្អាកជាបន្តបន្ទាប់ ហើយត្រូវផ្អាក់ទាំងអស់នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩ ពីម៉ោង ៤ ល្ងាច។ ក្នុងនោះ សេវាបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ នឹងផ្អាក ចាប់ពីថ្ងៃទី ២ ខែសីហា និងសេវាទូទាត់វិកយប័ត្រអគ្គិសនី នឹងផ្អាកចាប់ពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩ ខាងមុន។
ចំពោះកាតឥណពន្ធវីសា និងកាតឥណទានវិសា ក៏ត្រូវបានផ្អាកដំណើរការផងដែរ ចាប់ពីថ្ងៃទី ១៦ ខែសីហា ម៉ោង ៥ ល្ងាច ដោយមិនអាចប្រតិបត្តិការអ្វីបានទាំងអស់ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ ទើបអាចប្រើប្រាស់ធម្មតាវិញ។ ជាមួយគ្នានេះ គ្រប់កាតធនាគាររបស់ ANZ Royal អាចប្រើប្រាស់បានតែ ១២ ខែប៉ុណ្ណោះ បន្ទាប់ពីការផ្លាស់ប្ដូរទាំងស្រុងត្រូវបានជំនួស ទៅ J Trust Royal។
ក្រៅពីនេះ សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណេត ក៏ត្រូវផ្អាកដំណើរការផងដែរ ចាប់ពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ ដោយនឹងបើកឲ្យដំណើរវិញនៅថ្ងៃទី ១៩ ខែសីហា ប៉ុន្តែតម្រូវឲ្យទៅ Update លេខទូរស័ព្ទថ្មី និងទទួលលេខសម្គាល់ថ្មី ហើយសូម្បីតែសេវាទូទាត់របស់ ANZ Royal ក៏ត្រូវបានផ្អាកដែរ៖
- ការផ្ទេរប្រាក់ទៅក្រៅប្រទេស ត្រូវផ្អាកនៅថ្ងៃទី ១៤ សីហា
- ការផ្ទេរប្រាក់ក្នុងប្រទេស ត្រូវផ្អាកនៅថ្ងៃទី ១៥ សីហា
- ការផ្ទេរប្រាក់រវាងគណនី ANZ Royal នឹងត្រូវផ្អាកនៅថ្ងៃទី ១៦ ខែសីហា ម៉ោង ១២ ថ្ងៃត្រង់។
ក្រៅពីវេសាខាងលើ នៅមានសេវាកម្មមួយចំនួនទៀត ក៏នឹងផ្អាកផងដែរ៕